(ហ្សឺណែវ)៖ ក្រុមយុទ្ធនាការ​លុបបំបាត់នុយក្លេអ៊ែរ​អន្តរជាតិ International Campaign to Abolish Nuclear Weapons ហៅ​កាត់ថា ICAN ដែលជាម្ចាស់​ជ័យលាភីណូបែល​សន្តិភាព​ឆ្នាំ២០១៧ បានឲ្យដឹងថា សន្ធិសញ្ញា​ហាមឃាត់​​អាវុធនុយក្លេអ៊ែរ​ អាចនឹងលេចរូប​រាង​លើជាផ្លូវការនៅចុង​ឆ្នាំ២០១៩។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅរសៀល​ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។

អង្គការ ICAN បាននិងកំពុងអំពាវនាវ​ឲ្យរដ្ឋាភិបាលនៃប្រទេសនានា ផ្តល់ហត្ថលេខាលើសន្ធិសញ្ញា​អន្តរជាតិមួយ ដែលកំណត់​ឲ្យ​រដ្ឋាភិបាលទាំងនោះ សន្យាមិនទទួល​ស្គាល់អាវុធ​នុយក្លេអ៊ែរ និងលើកកម្ពស់ប្រទេស​ដទៃទៀតឲ្យ​ធ្វើដូចគ្នា។ បច្ចុប្បន្ន​សន្ធិសញ្ញា​មានប្រទេស​ជាហត្ថលេខីចំនួន ១៩ប្រទេស ខណៈដើម្បីឲ្យ​សន្ធិសញ្ញានេះអាចចូលជាធរមានបាន គឺត្រូវការ​ហត្ថលេខា​ពី ៥០​ប្រទេស​ឡើងទៅ។ ប្រធាន​អង្គការ ICAN បានឲ្យ​ដឹងថា ​មាន​ប្រទេសពី ២៥ ទៅ ៣០ប្រទេស ដែលបាន​អះអាងថា នឹងត្រៀមខ្លួនចុះហត្ថលេខា​ឲ្យបាន​មុនដំណាច់​ឆ្នាំ២០១៩។

គួរជម្រាបថា យ៉ាងណាមិញ​មហាអំណាច​ពិភពលោក​ដូចជា សហរដ្ឋអាមេរិក ចិន និង រុស្ស៉ី បានជំទាស់ដាច់ខាត​ចំពោះ​សន្ធិសញ្ញា​នេះ ដោយសម្អាងលើ​ហេតុផលថា អាវុធនុយក្លេអ៊ែរ​បានជួយទប់ស្កាត់​​មិនឲ្យផ្ទុះសង្រ្គាមលោក​លើកទីបី កាលពីអំឡុង​សម័យ​​​សង្រ្គាម​ត្រជាក់​នាសតវត្សរ៍ទី២០៕