ហ្វីលីពីនប្រកាសអាសន្ន៖ ព្យុះកំណាចមួយទៀតឈ្មោះ Yutu កំពុងសំដៅទៅវាយប្រហារកោះ Luzon ទាំងមូលតែម្តង! (Video inside)
29-10-2018 12:05
(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីននៅថ្ងៃចន្ទនេះ បានចេញសេចក្ដីប្រកាសអាសន្ន ឱ្យប្រជាជននៅក្នុងខេត្តចំនួន ០៩ ស្ថិតនៅភាគខាងជើង កោះលូហ្សូន (Luzon) និងតំបន់ ខ័រឌីលឡេរ៉ា (Cordillera) មានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រោះរអិលបាក់ដី និងទឹកជំនន់ ដែលអាចនឹងបង្កឡើងដោយព្យុះទីហ្វុង យូទូ (Yutu) ដែលនឹងបក់បោកមកដល់ដែនដីហ្វីលីពីនឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរឧតុនិយមហ្វីលីពីន ព្យុះទីហ្វុង Yutu ដែលទើបតែបានវាយប្រហារលើកោះ ម៉ារៀណា (Mariana) ក្នុងតំបន់ ប៉ាស៊ីហ្វិកខាងលិចកាលពីចុងសប្ដាហ៍មុន អាចនឹងបង្កគ្រោះរអិលបាក់ដីនៅថ្ងៃអង្គារស្អែកនេះ ហើយវាអាចវាយប្រហារលើកោះ Luzon ទាំងមូល មុននឹងចាកចេញពីហ្វីលីពីននៅ ២៤ម៉ោងបន្ទាប់។
គួរបញ្ជាក់ថា ទីហ្វុង Yutu ឬគេស្គាល់ថា Rosita នឹងក្លាយជាព្យុះទីហ្វុងទី ១៨ ដែលនឹងវាយប្រហារលើប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០១៨នេះ និង០៦សប្ដាហ៍ប៉ុណ្ណោះ ក្រោយព្យុះទីហ្វុង មាំងឃុត (Mangkhut) វាយសង្រ្គប់លើកោះ Luzon ដោយផ្ដាច់ជីវិតមនុស្សរាប់សិបនាក់ និងបង្កជាការខូចខាតគិតជាទឹកប្រាក់ ១៨០លានដុល្លារ។ ជារៀងរាល់ឆ្នាំហ្វីលីពីន តែងតែរងគ្រោះដោយសារខ្យល់ព្យុះយ៉ាងតិចចំនួន ២០៕