(ហ្សាការតា)៖ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើ Twitter របស់លោកដោយអះអាងថា រូបថតទាំងនេះបង្ហាញពីបំណែកបែកបាក់ និងសម្ភារៈមួយចំនួនរបស់អ្នកដំណើរនៃយន្ដហោះ Boeing 737 MAX 8 ដែលបានធ្លាក់នៅព្រឹកមិញនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
លោក Sutopo Purwo Nugroho បានបញ្ជាក់នៅក្នុងសន្និសារព័ត៌មានថា យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air មានគោលដៅធ្វើដំណើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang), នៃកោះ Bangka Belitung នៃចង្កោមកោះស៊ូម៉ាត្រា ជាមួយអ្នកដំណើរ និងក្រុមពីឡុត ១៨៨នាក់។ លោក Nugroho ឱ្យដឹងទៀតថា ក្នុងចំណោមមនុស្សទាំង ១៨៨នាក់, មានមនុស្សវ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៥នាក់ផ្សេងទៀត។
គួរបញ្ជាក់ថា អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីដដែល ចែករំលែកវីដេអូមួយនៅលើ Twitter ផងដែរ ហើយថាវីដេអូនេះត្រូវបានថតចេញពីទូកអ្នកជួយសង្រ្គោះមួយគ្រឿងនៅឆ្នេរ Karawang ស្ថិតនៅភាគខាងកើតរដ្ឋធានីហ្សាការតា ដោយបង្ហាញពីបំណែកយន្ដហោះខ្លះៗ ក្នុងនោះរួមទាំងកៅអី និងសម្ភារៈរបស់អ្នកដំណើរ ដែលអណ្ដែតនៅលើទឹកសមុទ្រ។
ដោយឡែកបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក យន្តហោះឥណ្ឌូណេស៊ីប្រភេទ Boeing 737 MAX 8 ជាកម្មសិទ្ធិរបស់អាកាសចរណ៍ Lion Air បានធ្លាក់ទៅក្នុងសមុទ្រ ក្រោយពីទើបហោះចេញពីអាកាសយានដ្ឋានរដ្ឋធានីហ្សាការតា ឆ្ពោះទៅកាន់កោះស៊ូម៉ាត្រាបាន ១៣នាទីនោះតែប៉ុណ្ណោះ។
យន្តហោះរបស់អាកាសចរណ៍ក្នុងស្រុកខាងលើនេះ បានធ្លាក់នៅត្រង់ចំណុចដែនសមុទ្រ ការ៉ាវ៉ាង (Karawang) នៃខេត្តជ្វា របស់ប្រទេសឥណ្ឌូណេស៊ី ខណៈមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ពីជោគវាសនានៃមនុស្សជិះទាំងអស់ នៅលើយន្តហោះ Boeing 737 MAX 8 នោះឡើយ៕