ទីភ្នាក់អវកាសអឺរ៉ុប ESA អះអាងជាថ្មីអំពីចំនួនភពដែលអាចទ្រទ្រង់ជីវិតបាន ដោយផ្ទុយពីការលើកឡើងរបស់ NASA
29-10-2018 10:55
(អាមេរិក)៖ ចំនួនភពអេលៀន (Exoplanet) ស្ថិតក្នុងគន្លងត្រឹមត្រូវ (Habitable Zone) ដែលកន្លងមកនេះ ត្រូវបានរកឃើញដោយកែវយឺតអវកាស Kepler របស់ NASA ប្រហែលជាមិនច្រើនដូចការរកឃើញនេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
រហូតមកទល់ពេលនេះ Kepler បានរកឃើញ Exoplanet ទំហំប្រហាក់ប្រហែងផែនដី ដែលស្ថិតនៅតំបន់ Habitable Zone (រយៈចម្ងាយដែលអនុញ្ញាតឲ្យមានទឹកលើផ្ទៃរបស់វា ពោលគឺមិនក្តៅ ឬត្រជាក់ខ្លាំងពេក) ពីផ្កាយមេរបស់វាចំនួនប្រមាណជា ៣០ភព។ ដោយឡែក លទ្ធផលនៃការអង្កេតថ្មីពីកែវយឺតអវកាស Gaia របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានលើកឡើងថា ចំនួនពិតប្រាកដនៃភពទាំងនោះ អាចតិចជាងនេះឆ្ងាយ គឺប្រហែលចន្លោះ ០២ភព និង ១២ភពប៉ុណ្ណោះ។
កែវយឺតអវកាស Gaia ត្រូវបានបាញ់បង្ហោះកាលពីខែធ្នូ ឆ្នាំ២០១៣ ដើម្បីផលិតផែនដី 3D មួយនៃកាឡាក់ស៊ី Milky Way។ មកទល់ពេលនេះ កាឡាក់ស៊ីដ៏មហាអស្ចារ្យនេះ មានផ្ទុកព័ត៌មានទីតាំងរបស់ផ្កាយចំនួន ១.៧ពាន់លានដួង និងទិន្នន័យរយៈចម្ងាយនៃផ្កាយប្រហែល ១.៣ពាន់លានដួង។
លទ្ធផលអង្កេតរបស់ Gaia បានលើកឡើងថា ផ្កាយមេមួយចំនួនដែល Kepler ឆ្លុះឃើញ មានពន្លឺភ្លឺនិងទំហំធំជាងការស្មានកន្លងមក ហើយភពដែលគោចរជុំវិញផ្កាយបែបនេះ តែងមានទំហំធំនិងក្តៅខ្លាំង។
គួរជម្រាបថា ប្រមាណ ៧០ភាគរយនៃ Exoplanet ប្រហែល ៣,៨០០ភព ដែលអ្នកវិទ្យាសាស្រ្តបានស្គាល់ គឺជាស្នាដៃរកឃើញរបស់ Kepler។ បច្ចុប្បន្ន ដំណើរឆ្លុះរកភពអេលៀនរបស់ Kepler កាន់តែកៀកទីបញ្ចប់ហើយ ប៉ុន្តែកែវយឺតអវកាសថ្មី ដែលមានតួនាទីដូចគ្នា ក៏ត្រូវបានបាញ់បង្ហោះឡើងទីអវកាសរួចស្រេចទៅហើយដែរ៕