កុមារប៉ាឡេស្ទីន៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា
29-10-2018 09:18
(ហ្កាហ្សា)៖ ក្មេងប្រុសប៉ាឡេស្ទីន០៣នាក់ បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់យោធាអ៊ីស្រាអែល នៅឯ តំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ។ នេះបើតាមក្រសួងសុខាភិបាលហ្កាហ្សា ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
យោងតាមក្រសួងសុខាភិបាលហ្កាហ្សា ក្នុងចំណោមកុមារប៉ាឡេស្ទីនទាំងបីនាក់ ខាងលើដែលបានស្លាប់ មានពីរនាក់មានអាយុ ១៣ និង១៤ឆ្នាំ។ បន្ថែមពីលើនេះក្រសួងមួយនេះ បានឱ្យដឹងទៀតថា ជនជាតិប៉ាឡេស្ទីន ២១៦នាក់ត្រូវបានសម្លាប់ដោយយោធា
អ៊ីស្រាអែលនៅឯតំបន់ហ្កាហ្សា ក្នុងរយៈពេលជិត០៧ខែ នៃបាតុកម្មតវ៉ារបស់ប្រជាជនប៉ាឡេស្ទីន ប្រឆាំងនឹងការបិទព្រំដែន ពីសំណាក់អ៊ីស្រាអែល។ ចំណែកឯយោធាអ៊ីស្រាអែលតែម្នាក់ប៉ុណ្ណោះបានស្លាប់ ក្នុងរយៈពេលជិត០៧ខែមកនេះ។
តែទោះជាយ៉ាងនេះក្ដី យោធាអ៊ីស្រាអែលបានអះអាងថាការវាយប្រហារ តាមផ្លូវអាកាសរបស់ខ្លួន ធ្វើឡើងដើម្បីទប់ស្កាត់
និងជាការសងសឹក ចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែត ចូលទឹកដីអ៊ីសា្រអែល ពីក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សាតែប៉ុណ្ណោះ៕