(ឡុងដ៍)៖ ម្ចាស់ក្លឹបបាល់ទាត់ Leicester City គឺលោក Vichai Srivaddhanaprabha ត្រូវបានក្លឹបទទួលស្គាល់ហើយថាបាន បាត់បង់ជីវិតហើយ នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ នៅក្រោយការប្រកួត Premier League ជាមួយក្រុម West Ham United កាលពីយប់ថ្ងៃសៅរ៍ នៅក្បែរកីឡដ្ឋាន King Power Stadium ក្នុងប្រទេសអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
ក្លឹប Leicester City បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនទៀតថា បុគ្គលិកពីរនាក់របស់លោក Srivaddhanaprabha និងពីឡុតម្នាក់ រួមទាំងអ្នកដំណើរម្នាក់ទៀត ក៏បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនេះដែរ។ ក៏ប៉ុន្តែមូលហេតុធ្លាក់នេះ ត្រូវបានគេឱ្យដឹងនៅឡើយទេ ខណៈអាជ្ញាធអះអាងថាអាចនឹងត្រូវចំណាយពេលជាច្រើនថ្ងៃដើម្បីបញ្ចប់ការស៊ើបអង្កេត។
គួរជម្រាបថា លោក Vichai មិនដែលអាក់ខានធ្វើដំណើរទៅចូលរួមរាល់ការប្រកួត នៅពេលក្លឹបរបស់លោកត្រូវធ្វើជាម្ចាស់ផ្ទះឡើយ តាមរយៈឧទ្ធម្ភាគចក្រខាងលើ ហើយជារឿយៗមហាសេដ្ឋីវ័យ៦១ឆ្នាំរូបនេះ តែងឡើងឧទ្ធម្ភាគចក្រ ចេញពីកណ្តាលទីលានបាល់ទាត់ ក្រោយចប់ការប្រកួត ដើម្បីត្រឡប់ទៅវិញ។
បើតាមសាក្សី ប្រមាណជាមួយម៉ោងក្រោយការបញ្ចប់ការប្រកួតរវាង Leicester City និង West Ham ជាមួយលទ្ធផល១-១ ឧទ្ធម្ភាគចក្ររបស់លោក Vichai ត្រូវគេរាយការណ៍ថា បានធ្លាក់នៅកន្លែងចតរថយន្តក្បែរកីឡដ្ឋាន King Power Stadium ដែលជាទឹកដីរបស់ Leicester City ហើយផ្ទុះឆាបឆេះឡើង៕