(ដាម៉ាស់)៖ សមាជិកយ៉ាងតិច៧០នាក់នៃក្រុមសកម្មប្រយុទ្ធប្រជាធិបតេយ្យស៉ីរី (SDF) ដែលមានអាមេរិកជាអ្នកគាំទ្របានស្លាប់ និង១០០នាក់បានរងរបួស ដោយសារការវាយប្រហារទ្រង់ទ្រាយធំ ពីសំណាក់ក្រុមជ្រុលនិយម ISIS នៅភាគខាងកើតស៉ីរី។ នេះបើតាមការអះអាងរបស់អង្គការឃ្លាំមើលស្ថានការណ៍សិទ្ធិមនុស្សស៉ីរី ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨។
អង្គការខាងលើបានឲ្យដឹងថា ការធ្វើសកម្មភាពវាយបកទ្រង់ទ្រាយធំរបស់ក្រុម ISIS ទៅលើក្រុម SDF បានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍នេះ និងបន្តរហូតដល់ថ្ងៃសៅរ៍ម្សិលមិញ ហើយនាអំឡុងពេលប្រមាណជា២៤ម៉ោងនេះ ក្រុមភេរវករ ISIS បានដណ្តើមកាន់កាប់មកវិញនូវតំបន់មួយចំនួន នាប៉ែកខាងកើតនៃតំបន់ Deir al-Zour ភាគខាងកើតស៉ីរី ដែលបានរបូតទៅក្នុងដៃរបស់ SDF។
គួរជម្រាបថា ក្នុងអំឡុងការវាយប្រហាររបស់ ISIS កងយន្តហោះចម្បាំងនៃក្រុមយោធាចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានជ្រោមជ្រែង SDF នាពេលកន្លងមក ក្នុងប្រតិបត្តិការកម្ចាត់ក្រុម ISIS នៅភាគខាងកើតប្រទេសស៉ីរីនោះ មិនអាចជួយដល់ SDF ក្នុងការទប់ទល់នឹងការវាយប្រហាររបស់ ISIS នាចុងសប្តាហ៍នេះ គឺពីព្រោះតែស្ថានភាពអាកាសធាតុអាក្រក់ពេក៕