(ឡុងដ៍)៖ ឧទ្ធម្ភាគចក្ររបស់ម្ចាស់ក្លឹបបាល់ទាត់ Leicester City គឺលោក Vichai Srivaddhanaprabha បានធ្លាក់ផ្ទុះឆេះ នៅក្រោយការប្រកួត Premier League ជាមួយក្រុម West Ham United នាយប់ថ្ងៃសៅរ៍សប្តាហ៍នេះ នៅក្បែរកីឡដ្ឋាន King Power Stadium ក្នុងប្រទេសអង់គ្លេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨។
រហូតមកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់ជាផ្លូវការនៅឡើយទេថា តើមហាសេដ្ឋីថៃខាងលើនេះ បានស្ថិតនៅលើឧទ្ធម្ភាគចក្រដែរឬយ៉ាងណា នៅពេលដែលវាធ្លាក់។ ប៉ុន្តែអ្វីដែលគេដឹងនោះ គឺលោក Vichai មានវត្តមាននៅក្នុងការប្រកួត។
គួរជម្រាបថា លោក Vichai មិនដែលអាក់ខានធ្វើដំណើរទៅចូលរួមរាល់ការប្រកួត នៅពេលក្លឹបរបស់លោកត្រូវធ្វើជាម្ចាស់ផ្ទះឡើយ តាមរយៈឧទ្ធម្ភាគចក្រខាងលើ ហើយជារឿយៗមហាសេដ្ឋីវ័យ៦១ឆ្នាំរូបនេះ តែងឡើងឧទ្ធម្ភាគចក្រចេញពីកណ្តាលទីលានបាល់ទាត់ ក្រោយចប់ការប្រកួត ដើម្បីត្រឡប់ទៅវិញ។
បើតាមសាក្សី ប្រមាណជាមួយម៉ោងក្រោយការបញ្ចប់ការប្រកួតរវាង Leicester City និង West Ham ជាមួយលទ្ធផល១-១ ឧទ្ធម្ភាគចក្ររបស់លោក Vichai ត្រូវគេរាយការណ៍ថា បានធ្លាក់នៅកន្លែងចតរថយន្តក្បែរកីឡដ្ឋាន King Power Stadium ដែលជាទឹកដីរបស់ Leicester City ហើយផ្ទុះឆាបឆេះឡើង៕