(រីយ៉ាដ)៖ រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត លោក Adel al-Jubeir បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងរីយ៉ាដ នឹងធ្វើការកាត់ទោសជនសង្ស័យជុំវិញករណីសម្លាប់អ្នកកាសែត Jamal Khashoggi នៅអារ៉ាប៊ីសាអូឌីត ក្រោយមានការទាមទារពីទីក្រុងអង់ការ៉ាឲ្យបញ្ជូនជនទាំងនោះទៅតួកគី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨។
លោក Jubeir បានលើកឡើងដូច្នេះថា «ទាក់ទិនបញ្ហាធ្វើបត្យាប័ន គឺថាក្រុមជនសង្ស័យ សុទ្ធតែជនជាតិអារ៉ាប៊ីសាអូឌីត។ ពួកគេស្ថិតក្រោមការឃុំឃាំងនៅអារ៉ាប៊ីសាអូឌីត ហើយការស៉ើបអង្កេតក៏ធ្វើឡើងនៅអារ៉ាប៊ីសាអូឌីត ដូច្នេះហើយពួកគេនឹងត្រូវកាត់ទោសនៅអារ៉ាប៊ីសាអូឌីត»។
គួរជម្រាបថា ការគូសបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត បានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីតួកគី លោក Erdogan បានអំពាវនាវឲ្យមានការបញ្ជូនជនសង្ស័យជាជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៨នាក់ ដែលមានជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មលើលោក Khashoggi ដែលជាអ្នករិះគន់មួយរូបនៃរបបដឹកនាំនៃព្រះរាជាណាចក្រនៅមជ្ឈិមបូព៌ាមួយនេះ នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត នៃទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី កាលពីដើមខែនេះ។
ក្រោយពីការប្រកែកប្រមាណជិត៣សប្តាហ៍ថា មិនបានដឹងលឺរឿងអ្វីទាំងអស់ជុំវិញការបាត់ខ្លួនក៏ដូចជាការស្លាប់នៃលោក Khashoggi ទីក្រុងរីយ៉ាដទីបំផុត បានសារភាពថា អ្នកកាសែតរូបនេះ ត្រូវបានគេសម្លាប់ ហើយវាជាករណីឃាតកម្មព្រាងទុកជាមុន ប៉ុន្តែនៅតែបានបដិសេធថា ពុំមានទាក់ទិននឹងព្រះអង្គម្ចាស់ស្នងរាជ្យ Mohammed bin Salman ឡើយ៕