(អ៉ីស្រាអែល)៖ បណ្តាថ្នាក់ដឹកនាំនៅក្នុងប្រទេសអ៉ីស្រាអែល បានសម្តែងការចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃជនរងគ្រោះក្នុងករណីវាយប្រហារទៅលើ ព្រះវិហារសាសនាមួយកន្លែងរបស់ជនជាតិជ្វីប នៅឯទីក្រុង Pittsburgh រដ្ឋ Pennsylvania និងបានបង្ហាញពីសាមគ្គីភាពចំពោះសហគមន៍ជនជាតិជ្វីប ដែលរស់នៅក្នុងទីក្រុងរបស់សហរដ្ឋអាមេរិកមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨។
ការចូលរួមរំលែកទុក្ខនេះ ត្រូវបានធ្វើឡើងពីសំណាក់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu អមជាមួយវត្តមានប្រធានាធិបតី លោក Reuven Rivlin និងប្រធានសភា លោក Yuli-Yoel Edelstein។ សេចក្តីថ្លែងការណ៍រំលែកទុក្ខបានលើកឡើងថា ថ្នាក់ដឹកនាំអ៉ីស្រាអែល មានទុក្ខក្រៀមក្រំជាខ្លាំង ចំពោះសកម្មភាពវាយប្រហារយ៉ាងអាក្រក់ទៅលើព្រះវិហារសាសនាជនជាតិជ្វីប នៅទីក្រុង Pittsburgh ហើយអ៉ីស្រាអែលឈរគាំទ្រសហគមន៍ជ្វីបនៅ Pittsburgh ជានិច្ច។
គួរជម្រាបថា នាថ្ងៃសៅរ៍សប្តាហ៍នេះ ខ្មាន់កាំភ្លើងម្នាក់ មានឈ្មោះ Robert Bowers វ័យ៤៦ឆ្នាំ បានធ្វើសកម្មភាពបាញ់ប្រហារក្នុងព្រះវិហារសាសនាមួយកន្លែងរបស់ជនជាតិជ្វីប នៅទីក្រុង Pittsburgh នៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ជាលទ្ធផលមនុស្ស១១នាក់បានស្លាប់ និង០៦នាក់បានរងរបួស។
បើតាមការបញ្ជាក់ពីអាជ្ញាធរអាមេរិក នាពេលនោះ ជនដៃដល់មានកាំភ្លើងរះមួយដើម និងការភ្លើងខ្លីយ៉ាងតិច០៣ដើម។ ប៉ុន្មានម៉ោងក្រោយពេលកើតហេតុ តាមរយៈការបង្រ្កាបពីកម្លាំងប៉ូលិស ខ្មាន់កាំភ្លើងរូបនោះ ក៏ត្រូវឃាត់ខ្លួនបាន។ មូលហេតុនៅពីក្រោយសកម្មភាពបាញ់ប្រហារនេះ គឺជាដោយសារការស្អប់ខ្ពើមប្រកាន់ពូជសាសន៍លើជនជាតិជ្វីប។ ចំណែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានចេញមុខថ្កោលទោសធ្ងន់ៗចំពោះទង្វើខ្មៅងងឹតនេះផងដែរ៕