(សាន់ហ្វា្រន់ស៊ីស្កូ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft នៅតែការពារគំរោងរបស់ខ្លួន ក្នុងការបន្តធ្វើការងារជាមួយយោធាអាមេរិក បើទោះជាបុគ្គលិកមួយចំនួនរបស់ខ្លួន ប្រឆាំងទំទាស់នឹងការប្រើប្រាស់បច្ចេកវិទ្យា Microsoft នៅក្នុងសង្រ្គាមក៏ដោយ។ នេះ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨។
ប្រធាន Microsoft លោក ប្រេដ ស្មីត (Brad Smith) បានសរសេរនៅលើគណនី Twitter របសលោកនៅថ្ងៃសុក្រសប្ដាហ៍នេះថា លោក និងនាយកប្រតិបត្តិការ (CEO) គឺលោក សត្យា ណាប៊ែលឡា (Satya Nadella) បានលើកឡើងពីការព្រួយបារម្ភរបស់បុគ្គលិក ពាក់ព័ន្ធនឹងការចូលរួមរបស់ក្រុមហ៊ុន ជាមួយគំរោងរបស់យោធាអាមេរិក នៅអំឡុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍។
លោក Smith បានបន្ថែមថា ក្រុមហ៊ុន Microsoft បានសហការជាមួយក្រសួងការពារជាតិ អាមេរិកដោយឈរលើគោលការទុកចិត្តគ្នាទៅវិញទៅមក អស់រយៈពេលជាង ៤ទសវត្សរ៍ ហើយបច្ចេកវិទ្យារបស់ Microsoft ក៏បានជួយដល់កងទ័ពអាមេរិក ដើម្បីធ្វើប្រតិបត្តិការគ្រប់គ្រងមូលដ្ឋានទ័ព, នាវាយោធា, យន្ដហោះចម្បាំង និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលយោធាផងដែរ។
គួរបញ្ជាក់ថា បើតាមលោក Brad Smith ការសម្រេចចិត្តចូលរួមដេញថ្លៃ លើគំរោងរបស់ក្រសួងការពារជាតិអាមេរិកឈ្មោះ JEDI នឹងជួយពង្រឹងដល់បច្ចេកវិទ្យា នៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យារបស់ Microsoft ហើយក្រុមហ៊ុនយក្សមួយនេះ នឹងបន្តការងារនេះទៅមុខទៀត ទោះបីជាបុគ្គលិកខ្លួនមួយចំនួនកន្លងមកបានបង្ហាញការមិនពេញចិត្ត និងជំទាស់ក៏ដោយ៕