ឥណ្ឌា៖ សត្វដំរីរហូតដល់០៧ក្បាល ងាប់ដោយសារឆក់ខ្សែភ្លើងនៅរដ្ឋ Odisha
27-10-2018 15:22
(ញូដេលី)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា សត្វដំរីចំនួន ០៧ក្បាលបានងាប់ ដោយសារតែឆក់ខ្សែភ្លើងនៅឯរដ្ឋ អូឌីសា (Odisha) ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរឥណ្ឌា សត្វដំរីទាំង ០៧ក្បាល ខាងលើត្រូវបានគេរាយការណ៍ថា ឆក់ខ្សែភ្លើងងាប់កាលពីយប់ថ្ងៃសុក្រ នៅក្នុងស្រុក ឌិនកាណាល់ (Dhenkanal) ស្ថិតនៅចំងាយ ៧០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង ប៊ូបាណែសវ៉ា (Bhubaneswar) នៃរដ្ឋ Odisha។ អាជ្ញាធរអភិរក្សសត្វព្រៃឥណ្ឌានៅក្នុងតំបន់ បានបញ្ជាក់ប្រាប់ស៊ីនហួរ យ៉ាងដូច្នេះថា «សត្វដំរីចំនួន ០៧ក្បាល បានងាប់ដោយសារឆក់ខ្សែភ្លើង... ហើយបន្ទាប់ពីទទួលដំណឹងនេះភ្លាមៗ ពួកយើងប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ដើម្បីស្វែងយល់ឲ្យច្បាស់ពីមូលហេតុ»។
គួរបញ្ជាក់ថា ដំរីមួយហ្វូងត្រូវបានគេរាយការណ៍ថា បានដើរឆ្លងកាត់តំបន់បន្ទាប់ពីដំរី ០៧ក្បាល ក្នុងចំណោមពួកវាបានងាប់ដោយសារឆក់ខ្សែភ្លើង ខណៈប្រព័ន្ធផ្សពផ្សាយនៅក្នុងតំបន់អះអាងថា តំបន់ដែលដំរីទាំងនោះឆ្លងកាត់ កំពុងត្រូវបានដំឡើងប្រព័ន្ធអគ្គីសនី សម្រាប់ដំណើរការប្រព័ន្ធផ្លូវដែកថ្មី៕