(ម៉ូស្គូ)៖ មូលដ្ឋានកងទ័ពអាកាសអាមេរិក រុំាស្ទែន (Ramstein Air Base) ក្នុងប្រទេសអាល្លឺម៉ង់ត្រូវបានគេរាយការណ៍ថា បានទទួលអាវុធយុទ្ធភណ្ឌប្រមាណ ១០០កុងតឺនឺ ហើយដែលនេះគឺជាការដឹកជញ្ជូនអាវុធទ្រង់ទ្រាយធំបំផុត ទៅឱ្យកងទ័ពអាមេរិកប្រចាំអឺរ៉ុប ចាប់ពីអង្គការណាតូទមា្លក់គ្រាប់បែបលើអតីតសហភាព Yugoslavia កាលពីឆ្នាំ១៩៩៩ មក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមកងទ័ពអាកាសអាមេរិកប្រចាំតំបន់អឺរ៉ុប អាវុធយុទ្ធភណ្ឌ ១០០កុងតឺនឺ ខាងលើត្រូវបានដឹកចូលក្នុងមូលដ្ឋានទ័ព Ramstein នៅអំឡុងខែតុលា ហើយការប្រគល់អាវុធនេះ មានគោលបំណងគំាទ្រដល់គំនិតផ្ដួចផ្ដើមការពារអឺរ៉ុបរបស់ អង្គការណាតូ ព្រមទាំងបង្កើនលើធនធានដែលមានស្រាប់ ឱ្យកងទ័ពអាមេរិកនៅក្នុងតំបន់អឺរ៉ុប និងបង្កើនសមត្ថភាពឆ្លើយតប ទៅនឹងការគំរាមកំហែងទាំងឡាយឱ្យទាន់ពេលវេលា។
ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺសេចក្ដីរាយការណ៍ពីការដឹកជញ្ជូនអាវុធនេះ កើតមានឡើងនៅចំពេលសហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងដំឡើងសសៃកដាក់គ្នា បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសថា នឹងដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី (INF)។ ចំណែកឯអ្នកជំនាញខ្លះបានចាត់ទុកថា ការរត់ប្រណាំងសព្វាវុធអាចនឹងផ្ទុះឡើងជាថ្មី បើសិនជាសហរដ្ឋអាមេរិកដកខ្លួន ចេញព្រមព្រៀងនេះមែននោះ។
គួរបញ្ជាក់ថា នៅក្នុងសប្ដាហ៍នេះប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមានបណ្ដាប្រទេសអឺរ៉ុប ជាពិសេសគឺអឺរ៉ុបខាងកើតត្រង់ៗតែម្ដងថា អាចនឹងត្រូវប្រឈមមុខនឹងមីស៊ីលរុស្ស៊ី បើហ៊ានទទួលយកមីស៊ីលអាមេរិកមកដាក់លើដីរបស់ខ្លួន៕