(អាមេរិក)៖ រយៈពេលជាង​មួយខែមកហើយ ផ្កាយរណប​របស់អឺរ៉ុប​ដែលកំពុង​គោចរ​ជុំវិញភព​អង្គារនោះ បានធ្វើការអង្កេត​អំពីពពករាងដូចរោមសត្វ​មួយសន្លឹក បានបង្ហាញ​ខ្លួន​លើបរិយាកាស​ភពអង្គារ ដោយវាជាទិដ្ឋភាព​ចម្លែក និងកម្រកើត​មានបំផុត។ នេះបើតាម​ការចេញផ្សាយ​ដោយវែបសាយ​ព័ត៌មានអវកាស Space នារសៀល​ថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨។

ពពកចម្លែក​ខាងលើនេះ គឺស្ថិតនៅផ្ទៃអាកាស​នៅជុំវិញភ្នំខ្ពស់មួយនៃភពអង្គារ ដែលមាន​ឈ្មោះថា អាសៀ ម៉ុនស៍ (Arsia Mons) ស្ថិតនៅក្បែរ​តំបន់ខ្សែអេក្វាទ័រ​របស់​ភពអង្គារ តាំងតែពី​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មកម្ល៉េះ។ យោងតាម​សេចក្តី​ប្រកាស​របស់ទីភ្នាក់ងារ​អវកាសអឺរ៉ុប ESA ការបង្ហាញវត្តមាន​នៃពពកខាងលើនេះ គឺដូចជាចម្លែក​ខ្លាំង ព្រោះពុំមាន​បាតុភូតបន្ទុះ​ភ្នំភ្លើង កើតឡើងនៅ​ទីកន្លែងណាមួយ​នោះឡើយ​នៅលើ​ផ្ទៃភពអង្គារ ដែលធ្វើឲ្យពពក​បែបនេះ​កើតឡើង។

បើតាមក្រុម​អ្នកវិទ្យាសាស្ត្រ សកម្មភាពផ្ទុះភ្នំភ្លើង​លើភពអង្គារ គឺត្រូវបាន​ស្ងប់ស្ងាត់​អស់​រយៈកាល ៥០លានឆ្នាំ​មកហើយ។ បន្ថែមពីនេះ​ពពកប្រភេទដូចខាង​លើ ក៏ត្រូវបាន​​ផ្កាយរណបឈ្មោះ Mars Express ចាប់រូបភាព​បានដូចៗគ្នា នៅទីតាំងចំនួនបី​ផ្សេង​ៗគ្នា​នៅក្នុង​បរិយាកាសភព​ព្រះអង្គារផងដែរ ដោយវាតែងតែកើតឡើង​នៅអំឡុងពេលជាក់លាក់​មួយ​នៅរៀងរាល់ឆ្នាំ​លើភពអង្គារ ដែលគេ​ជឿជាក់ថា ជាពពកដែលផ្ទុក​ទៅដោយ​​ទឹកកក។

អ្នកវិទ្យាសាស្ត្រ​បានហៅ​បាតុភូតចម្លែក​នោះថា ពពករោមសត្វ ឬពពក​អូកានិច ដែលកើត​ឡើងនៅពេលបរិយាកាស​ភពអង្គារមាន​ការប្រែប្រួល ដោយសារការ​ទទួលរងឥទ្ធិពល​ពីពន្លឺ​ព្រះអាទិត្យ និងចរន្តខ្យល់រដូវ​នៅភពអង្គារផ្ទាល់ ហើយការកកើតឡើងបែបនេះ​ក៏ព្រោះតែ​ចរន្តខ្យល់នៅតំបន់​អេក្វាទ័រ មានសភាពខ្លាំងក្លា​ជាងតំបន់ផ្សេងៗទៀត។ វាក៏អាច​កើត​ឡើង​ដោយសារ​តែកាលពីពាក់កណ្តាល​ឆ្នាំ២០១៨នេះ ភពអង្គារបាន​កើតមានព្យុះ​ធូលី​ដ៏ខ្លាំងក្លា​ផងដែរ។

គួរបញ្ជាក់ថា ភពអង្គារ​​ជាភពទី ៤ នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ ដែលមាន​ចម្លាយជាមធ្យម ៩០លានគីឡូម៉ែត្រ​ពីផែនដី។ ភពនេះ​មាន​ពណ៌ទឹកក្រូច ឬក្រហម​ស្រាល ក៏ព្រោះតែ​វាពោពេញ​ទៅដោយធូលី​ពណ៌ក្រហម ដែលសុទ្ធសឹង​ជាសារធាតុដែក។ ភពអង្គារ​មាន​បរិយាកាស​ស្តើងស្រោប​ជុំវិញ ដែលស្មើ​តែជិត ១ភាគរយ នៃបរិយាកាស​ផែនដីប៉ុណ្ណោះ ដោយវាផ្ទុក​ទៅដោយកាបូនឌីអុកស៊ីត​ភាគច្រើនបំផុត និងមានអុកស៊ីសែន​តិចតួចបំផុត៕