
សហរដ្ឋអាមេរិកអញ្ជើញលោក ពូទីន មកបំពេញទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែអមដោយការព្រមានដាក់ទណ្ឌកម្ម...(Video inside)
27-10-2018 11:52
(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បានឱ្យដឹងថា សេតវិមានបានអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជាផ្លូវការហើយ ដើម្បីបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៊ីនតោន។ ក៏ប៉ុន្តែ ទន្ទឹមនឹងការអញ្ជើញលោក Bolton ក៏បានព្រមានដែរថា សហរដ្ឋអាមេរិកកំពុងពិចារណា ដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Reuters នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Bolton បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានអញ្ជើញ លោកប្រធានាធិបតីរុស្ស៊ី ពូទីន មកកាន់ទីក្រុងវ៉ាស៊ីនតោន... ប៉ុន្តែគោលនយោបាយ និងអាកប្បកិរិយារុស្ស៊ី គឺជាហេតុផលដែល ជម្រុញឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើរុស្ស៊ី»។
ទីប្រឹក្សាសន្តិសុខជាតិរូបនេះបានបន្ថែមទៀតថា «វានឹងក្លាយជាក្ដីសង្ឃឹមមួយ បើសិនជាពួកគេ (រុស្ស៊ី) បញ្ឈប់ការលូកដៃចូលក្នុងកិច្ចការបោះឆ្នោតរបស់ពួកយើង... ដកខ្លួនចេញពីតំបន់គ្រីមៀ និងតំបន់ ដុនបាស (Donbass) ប្រទេសអ៊ុយក្រែន ព្រមទាំងបញ្ឈប់ការប្រើប្រាស់អាវុធគីមី ដើម្បីសម្លាប់អតីតមន្ត្រីរុស្ស៊ីដែលកំពុងរស់នៅនិរទេសខ្លួនក្នុងបណ្ដាប្រទេសលោកខាងលិច និងធ្វើសកម្មភាពវិជ្ជមាននៅមជ្ឈិមបូព៌ា»។
តែទោះជាយ៉ាងណាក៏ដោយ ខាងទីក្រុងម៉ូស្គូមិនទាន់បានបញ្ជាក់ថា លោក ពូទីន ទទួលយកការអញ្ជើញនេះហើយ ឬយ៉ាងណានោះទេ ខណៈវាត្រូវបានគេរំពឹងថា នឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយ ពោលគឺបន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិនៅថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខនេះ។
គួររំលឹកថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានជួបគ្នាក្នុងកិច្ចប្រជុំកំពូលនៅឯទីក្រុង ហែលស៊ីងគី (Helsinki) ប្រទេសហ្វាំឡង់កាលពីខែកក្កដាកន្លងទៅ ហើយបើទោះជាបានជួបមុខគ្នាក៏ដោយ ក៏ទំនាក់ទំនងរវាង
ប្រទេសមហាអំណាចទាំងពីរ មិនមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់នោះដែរ៕