(អ៊ីស្ដង់ប៊ូល)៖ ក្រុមរដ្ឋអាជ្ញាតួកគីបានរៀបចំសំណើ ធ្វើបត្យាប័នជនសង្ស័យ ១៨នាក់ ពីប្រទេសអារ៉ាប៊ីសាអូឌីត មកកាន់ទីក្រុងអង់ការ៉ា ដើម្បីដំណើរការក្ដីតាមច្បាប់តួកគី ជុំវិញសំណុំរឿងឃាតកម្មលើអ្នកសារព័ត៌មាន លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) បន្ទាប់ពីប្រធានាធិបតីតួកគីលោក អឺដូហ្កាន់ បានជម្រុញឱ្យទីក្រុងរីយ៉ាដបង្ហាញមុខមេក្លោង ដែលនៅពីក្រោយអំពើឃាតកម្មដ៏រសើបនេះ។ នេះបើតាមមន្ត្រីជាន់ខ្ពស់តួកគីម្នាក់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨។
មន្ត្រីជាន់ខ្ពស់តួកគីខាងលើ ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានគូសបញ្ជាក់ប្រាប់សារព័ត៌មាននៅក្នុងស្រុកយ៉ាងដូច្នេះថា « មូលហេតុនៅពីក្រោយការស្នើសុំធ្វើបត្យាប័ននេះ គឺដោយសារតែលោក Jamal Khashoggi ត្រូវបានគេសម្លាប់នៅលើទឹកដីតួកគី ដោយជនជាតិអារ៉ាប៊ីសាអូឌីតជាច្រើននាក់ ដែលបានត្រូវគេជឿជាក់ថា បានធ្វើដំណើរមកកាន់ប្រទេសតួកគី ដើម្បីប្រព្រឹត្តបទឧក្រិដ្ឋ... ដូច្នេះវាច្បាស់ណាស់ថា ប្រព័ន្ធយុត្តិធម៌តួកគីមានអំណាចគ្រប់គ្រាន់ក្នុងសំណុំរឿងនេះ»។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរតួកគី ក្នុងចំណោមជនសង្ស័យ ១៨នាក់ ដែលត្រូវបានទីក្រុងរីយ៉ាដចាប់ខ្លួន មាន ១៥នាក់ គឺជាទីភ្នាក់ងារចារកម្មអារ៉ាប៊ីសាអូឌីត ដែលបានធ្វើដំណើរមកដល់ប្រទេសតួកគី តែប៉ុន្មានម៉ោងប៉ុណ្ណោះមុននឹងលោក Khashoggi បានបាត់ខ្លួន ក្រោយចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល កាលពីថ្ងៃទី០២ ខែតុលា។
លើសពីនេះទៀត អាជ្ញាធរតួកគីបានអះអាងជាបន្តបន្ទាប់ថា អ្នកកាសែត Washington Post រូបនេះត្រូវបានគេសម្លាប់ រីឯអារ៉ាប៊ីសាអូឌីតក៏បានទទួលស្គាល់ ដែរថាអំពើឃាតកម្មលើលោក Khashoggi គឺធ្វើឡើងដោយចេតនា និងរៀបចំទុកជាមុន។ ក៏ប៉ុន្តែ មកទល់នឹងពេលនេះសាកសពរបស់លោក មិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ ខណៈសារព័ត៌មានតួកគីរាយការណ៍ថា ត្រូវគេកាត់ជាកង់ៗ និងយកចេញពីស្ថានកុងស៊ុល៕