(ម៉ូស្គូ)៖ មន្ត្រីទូតជាន់ខ្ពស់រុស្ស៊ីលោក អាន់ដ្រៃ បេឡូសូវ (Andrei Belousov) បានទទួលស្គាល់ថា រុស្ស៊ីពិតជាកំពុងត្រៀមខ្លួនសម្រាប់សង្រ្គាមពិតប្រាកដមែនហើយថាការសម្រេចចិត្តដកខ្លួនជាឯកតោភាគីរបស់សហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF ក៏មានន័យផងដែរថា ទីក្រុងវ៉ាស៊ីនតោនកំពុងត្រៀមខ្លួនធ្វើសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨។
លោក Andrei Belousov ជាអនុប្រធាននាយកដ្ឋានមិនរីកសាយអាវុធនុយក្លេអ៊ែរ និងគ្រប់គ្រងអាវុធនៃក្រសួងការបរទេសរុស្ស៊ី ធ្វើការកត់សម្គាល់បែបនេះបន្ទាប់ពីគណៈកម្មាធិការទីមួយ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ជំទាស់នឹងសេចក្ដីព្រាងដំណោះស្រាយរបស់រុស្ស៊ីស្ដីពីសន្ធិសញ្ញា INF នៅថ្ងៃសុក្រសប្ដាហ៍នេះ។
លោក Belousov បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងពេល ប្រជុំនៃគណៈកម្មាធិការទីមួយ (UN First Committee) សហរដ្ឋអាមេរិកបាននិយាយថា រុស្ស៊ីកំពុងត្រៀមខ្លួនធ្វើសង្រ្គាម... ពិតណាស់នេះគឺជាការពិត រុស្ស៊ីពិតជាកំពុងត្រៀមខ្លួនធ្វើសង្រ្គាមពិតមែន ក៏ប៉ុន្តែដើម្បីការពារប្រទេស បូរណភាពទឹកដី តម្លៃ និងប្រជាជនរបស់យើងតែប៉ុណ្ណោះ»។
គួរជម្រាបថា សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ ដែលជាជំហានដ៏សំខាន់មួយ ឈានទៅរកការកាត់បន្ថយការប្រឈមមុខដាក់គ្នា រវាងមហាអំណាចធំៗទាំងពីរ កាលពីសម័យសង្គ្រាមត្រជាក់។
សន្ធិសញ្ញាបានហាមឃាត់ ចំពោះការដាក់ពង្រាយប្រភេទមីស៊ីល ដែលអាចបាញ់ចេញពីផ្ទៃដីក្នុងរយៈចំងាយចន្លោះ ៥០០ ដល់ ៥,៥០០គីឡូម៉ែត្រ។ ក៏ប៉ុន្តែ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញា INF ដោយចោទថា ទីក្រុងម៉ូស្គូបានរំលោភបំពានលើសន្ធិសញ្ញានេះ៕