(វ៉ាស៊ីនតោន)៖ បុរសម្នាក់ឈ្មោះ Cesar Sayoc ដែលត្រូវបាន FBI ចាប់ខ្លួនពីបទសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការបញ្ជួន កញ្ចប់គ្រាប់បែកច្នៃទៅកាន់អ្នកនយោបាយ និងបុគ្គលល្បីៗនៅក្នុងសហរដ្ឋអាមេរិក ត្រូវបានគេចោទប្រកាន់ហើយពីបទឧក្រិដ្ឋ ៥ករណី ហើយអាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគារ៤៨ឆ្នាំ។ នេះបើតាមក្រសួងយុត្តិធម៌អាមេរិក ដកស្រង់ដោយសារព័ត៌មាន Russian Today នៅថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រសប្ដាហ៍នេះ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក Jeff Sessions ក៏បានចាត់ទុកផងដែរ ថាការផ្ញើកញ្ចប់គ្រាប់បែកច្នៃខាងលើគឺជារឿងមិនអាចទទួលយកបានជាដាច់ខាត ហើយថាអំពើហិង្សានយោបាយ ឬការគំរាម កំហែងហិង្សាណាមួយគឺជាទង្វើប្រឆាំងនឹងប្រព័ន្ធយុត្តិធម៌អាមេរិក។ លោក Sessions បានបន្ថែមទៀតថាជនឈ្មោះ Cesar Sayoc ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន៥ករណី ក្នុងនោះរួមទាំងការបញ្ជូនគ្រឿងផ្ទុះ និងការគំរាមកំហែងដល់អតីត ប្រធានាធិបតីអាមេរិក ខណៈបទចោទទាំងនេះអាចធ្វើឱ្យរូបគេប្រឈមមុខជាប់ពន្ធនាគារ៤៨ឆ្នាំ នៅក្នុងករណីដែលតុលាការរក ឃើញថារូបគេបានប្រព្រឹត្តដូចការចោទប្រកាន់មែននោះ។
សូមជម្រាបថា កាលពីថ្ងៃសុក្រ នាយក FBI លោក Christopher Wray បានអះអាងថាជនសង្ស័យម្នាក់ឈ្មោះ Cesar Sayoc មានអាយុ៥៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋ Florida ពីបទសង្ស័យថាជាប់ទាក់ទិងនឹងការបញ្ជូនគ្រាប់បែកច្នៃចំនួន១៣កញ្ចប់ ទៅកាន់អ្នកនយោបាយ និងបុគ្គលល្បីៗនៅក្នុងសហរដ្ឋអាមេរិក មានដូចជាអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អតីតរដ្ឋមន្ត្រីការបរទេស លោកស្រី ហ៊ីលឡារី គ្លីនតុន និង អតីតនាយក CIA លោក ចន ប្រេនណិន ជាដើម។ ចំណែកឯប្រព័ន្ធ ផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា លោក Cesar Sayoc គឺជាអ្នកគំាទ្រម្នាក់របស់លោក ដូណាល់ ត្រាំ៕