(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់បណ្ដាប្រព័ន្ធផ្សព្វផ្សាយអាមេរិកថាកំពុងប្រើប្រាស់ ករណីកញ្ចប់គ្រាប់បែកច្នៃ ដែលត្រូវបានគេបញ្ជូនទៅឱ្យក្រុមអ្នកនយោបាយរិះគន់រូបលោក ជាលេសនយោបាយមួយប្រឆាំងនឹង រូបលោក មុននឹងការបោះឆ្នោតសភាពាក់កណ្ដាលអណត្តិចូលមកដល់នៅថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងយុទ្ធនាការឃោសនាមួយក្នុងទីក្រុង Charlotte រដ្ឋ North Carolina នៅថ្ងៃសុក្រសប្ដាហ៍នេះ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអ្នកគំាទ្ររបស់លោកម្នាក់ឈ្មោះ Cesar Sayoc ត្រូវបាន ចាប់ខ្លួនក្នុងរដ្ឋ Florida ពាក់ព័ន្ធនឹងកញ្ចប់គ្រាប់បែកច្នៃ។ ថ្លែងនាឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖«យើងបាន ឃើញហើយកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ ដើម្បីប្រើប្រាស់ករណីកញ្ចប់គ្រាប់បែកច្នៃ និងសកម្មភាពរបស់បុគ្គលម្នាក់ ជាលេសនយោបាយប្រឆាំងនឹងរូបខ្ញុំ និងគណបក្សសាធារណរដ្ឋ...ក៏ប៉ុន្តែខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីទប់ស្កាត់អំពើហិង្សាផ្នែកនយោបាយ»។
គួរបញ្ជាក់ថា ក្រុមភ្នាក់ងារស៉ើបអង្កេត FBI កាលពីថ្ងៃសុក្រ បានចាប់និងឃុំខ្លួនបុរសម្នាកម្នាក់ឈ្មោះ Cesar Sayoc ដោយ សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងករណីផ្ញើកញ្ចប់គ្រាប់បែកច្នៃ ទៅកាន់អ្នកនយោបាយល្បីៗនៃបក្សប្រជាធិបតេយ្យក៏ដូចជាបុគ្គល ដែលរិះគន់ប្រឆាំង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ កញ្ចប់គ្រាប់បែកច្នៃ (មិនផ្ទុះ) ទាំងនេះមានរហូតដល់ទៅ
១៣កញ្ចប់ និងត្រូវបានផ្ញើទៅកាន់អ្នកនយោបាយ និងបុគ្គល្បីៗដូចជា៖
១៖ មហាសេដ្ឋីលោក ចច សូរ៉ូស (George Soros) (១កញ្ចប់)
២៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) (១កញ្ចប់)
៣៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា (Barack Obama) (១កញ្ចប់)
៤៖ អតីតអនុប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) (២កញ្ចប់)
៥៖ អតីតនាយក CIA លោក ចន ប្រេនណិន (John Brennan) (១កញ្ចប់)
៦៖ អតីតអគ្គរដ្ឋអាជ្ញាលោក អេរិច ហូលដឺ (Eric Holder) (១កញ្ចប់)
៧៖ សមាជិកសភាបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វរញ៉ា លោកស្រី ម៉ាស៊ីន វ៉តធើស៍ (Maxine Waters) (២កញ្ចប់)
៨៖ តារាសម្ដែង Robert De Niro (១កញ្ចប់)
៩៖ ព្រឹទ្ធិសមាជិកបក្សប្រជាធិបតេយ្យ លោក ខូរី ប៊ុកឃើ (Cory Booker) (១កញ្ចប់)
១០៖ អតីតនាយកស្ថាប័នស៉ើបការណ៍សម្ងាត់ជាតិ (DNI) លោក ជែម ឃ្លែបពើ (James Clapper) (១កញ្ចប់)
១១៖ សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ លោកស្រីកាម៉ាឡា ហារីស (Kamala Harris) (១កញ្ចប់)៕