(វ៉ាស៉ីនតោន)៖ ប្រភពពីសមត្ថកិច្ចអាមេរិកបានឲ្យដឹងថា ក្រុមភ្នាក់ងារស៉ើបអង្កេត FBI បានចាប់និងឃុំខ្លួនជនសង្ស័យម្នាក់ ដែលអាចមានជាប់ពាក់ព័ន្ធនឹងករណីផ្ញើកញ្ចប់គួរឲ្យសង្ស័យជាបន្តបន្ទាប់ ដែលមានផ្ទុះគ្រឿងផ្ទុះកែច្នៃ ទៅកាន់អ្នកនយោបាយល្បីៗនៃបក្សប្រជាធិបតេយ្យ ក៏ដូចជាបុគ្គលដែលមានទំនោររិះគន់ប្រឆាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអាមេរិក Fox News នៅយប់ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។
ខណៈពេលនេះមិនទាន់មានព័ត៌មានលម្អិតបន្ថែមឡើយ ហើយជនសង្ស័យខាងលើ មិនទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណនោះទេ ប៉ុន្តែប្រភពពីអាជ្ញាធរអាមេរិក បានបង្ហើបឲ្យដឹងជននោះថាជាបុរស ហើយការចាប់ខ្លួនត្រូវបានធ្វើឡើងក្នុងរដ្ឋផ្លូរីដា ជាតំបន់ដែលទីភ្នាក់ងារ FBI សង្ស័យថាអាចជាប្រភពដើមនៃការផ្ញើកញ្ចប់គ្រាប់បែកជាច្រើននាអំឡុងសប្តាហ៍នេះ។
គួរជម្រាបថា មកទល់ថ្ងៃសុក្រនេះ កញ្ចប់គ្រាប់បែកគួរឲ្យសង្ស័យសរុបចំនួន១២កញ្ចប់ ត្រូវបានប៉ូលិសអាមេរិករកឃើញ។ សម្រាប់បុគ្គលដែលជាគោលដៅនៃកញ្ចប់គ្រាប់បែកទាំងនោះ រួមមានដូចជា៖
១៖ មហាសេដ្ឋីលោក ចច សូរ៉ូស (George Soros) (១កញ្ចប់)
២៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) (១កញ្ចប់)
៣៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា (Barack Obama) (១កញ្ចប់)
៤៖ អតីតអនុប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) (២កញ្ចប់)
៥៖ អតីតនាយក CIA លោក ចន ប្រេនណិន (John Brennan) (១កញ្ចប់)
៦៖ អតីតអគ្គរដ្ឋអាជ្ញាលោក អេរិច ហូលដឺ (Eric Holder) (១កញ្ចប់)
៧៖ សមាជិកសភាបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វរញ៉ា លោកស្រី ម៉ាស៊ីន វ៉តធើស៍ (Maxine Waters) (២កញ្ចប់)
៨៖ តារាសម្ដែង Robert De Niro (១កញ្ចប់)
៩៖ ព្រឹទ្ធិសមាជិកបក្សប្រជាធិបតេយ្យ លោក ខូរី ប៊ុកឃើ (Cory Booker) (១កញ្ចប់)
១០៖ អតីតនាយកស្ថាប័នស៉ើបការណ៍សម្ងាត់ជាតិ (DNI) លោក ជែម ឃ្លែបពើ (James Clapper) (១កញ្ចប់)៕