(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារស៉ើបអង្កេត FBI នាថ្ងៃសុក្រនេះ បានឲ្យដឹងថា កញ្ចប់គ្រាប់បែកច្នៃថ្មី០២ទៀត ត្រូវបានរកឃើញនៅភាគខាងត្បូងរដ្ឋផ្លូរីដានិងនៅទីក្រុងញូយ៉ក ដោយកញ្ចប់សង្ស័យទាំងពីរនោះ មានអាស័យដ្ឋានផ្ញើទៅកាន់ ព្រឹទ្ធសមាជិកបក្សប្រជាធិបតេយ្យអាមេរិក លោក Cory Booker និងអតីតនាយកស្ថាប័នស៉ើបការណ៍សម្ងាត់ជាតិ (DNI) លោក James Clapper។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CBS News នៅយប់ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។
កញ្ចប់គ្រាប់បែកខាងលើនេះ ជាកញ្ចប់សង្ស័យទី១១និងទី១២ ក្នុងចំណោមកញ្ចប់មានផ្ទុកគ្រឿងផ្ទុះកែច្នៃដូចៗគ្នា ដែលមានគោលដៅទៅលើអ្នកនយោបាយនៃបក្សប្រជាធិបតេយ្យអាមេរិក ក៏ដូចជាអ្នកមានទំនោររិះគន់ប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាអំឡុងប៉ុន្មានថ្ងៃចុងក្រោយនេះ។
ដោយឡែក គ្រាប់បែកច្នៃទាំងនោះ ពុំមានមួយកញ្ចប់ណាបានផ្ទុះឡើយ ហើយមិនមាននរណាម្នាក់បានរងរបួសនោះទេ។ ទីភ្នាក់ងារ FBI អាមេរិកបានឲ្យដឹងថា កញ្ចប់ផ្ទុកគ្រឿងផ្ទុះទាំងនេះ ប្រហែលជាមិនទាន់អស់ឡើយ ខណៈពួកវាអាចមានប្រភពដើមមកពីរដ្ឋផ្លូរីដា។
គួរជម្រាបថា ការផ្ទុះករណីនៃការផ្ញើកញ្ចប់គ្រាប់បែកយ៉ាងកក្រើកនេះ បានកើតមានឡើងចំពេលសហរដ្ឋអាមេរិកកំពុងត្រៀមរៀបចំការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខ។ គិតត្រឹមថ្ងៃសុក្រនេះ បុគ្គលដែលជាគោលដៅនៃកញ្ចប់គ្រាប់បែកទាំងនោះ រួមមាន៖
១៖ មហាសេដ្ឋីលោក ចច សូរ៉ូស (George Soros) (១កញ្ចប់)
២៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) (១កញ្ចប់)
៣៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា (Barack Obama) (១កញ្ចប់)
៤៖ អតីតអនុប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) (២កញ្ចប់)
៥៖ អតីតនាយក CIA លោក ចន ប្រេនណិន (John Brennan) (១កញ្ចប់)
៦៖ អតីតអគ្គរដ្ឋអាជ្ញាលោក អេរិច ហូលដឺ (Eric Holder) (១កញ្ចប់)
៧៖ សមាជិកសភាបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វរញ៉ា លោកស្រី ម៉ាស៊ីន វ៉តធើស៍ (Maxine Waters) (២កញ្ចប់)
៨៖ តារាសម្ដែង Robert De Niro (១កញ្ចប់)
៩៖ ព្រឹទ្ធិសមាជិកបក្សប្រជាធិបតេយ្យ លោក ខូរី ប៊ុកឃើ (Cory Booker) (១កញ្ចប់)
១០៖ អតីតនាយកស្ថាប័នស៉ើបការណ៍សម្ងាត់ជាតិ (DNI) លោក ជែម ឃ្លែបពើ (James Clapper) (១កញ្ចប់)៕