(អង់ការ៉ា)៖ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាននិយាយនៅក្នុងរបាយការណ៍មួយចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រយៈពេលពីជាងពីរឆ្នាំមកនេះ បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចនៅប្រទេសតួកគី អ្នកបំរើការសាធារណៈតួកគីជាង ១៣០,០០០ នាក់ នៅតែកំពុងរង់ចាំយុត្តិធម៌ ហើយអាចនឹងប្រឈមនឹងអនាគត ដែលមិនច្បាស់លាស់។
នៅក្នុងរបាយការណ៍របស់ខ្លួនមានចំណងជើងថា «ការបោសសំអាតដែលគ្មានការវិលត្រឡប់? គ្មានមធ្យោបាយដោះស្រាយចំពោះ អ្នកបំរើការលើវិស័យសាធារណៈ ដែលត្រូវបានបណ្តេញចេញដោយរដ្ឋាភិបាលបច្ចុប្បន្នឡើយ» អង្គការអន្តរជាតិមួយនេះបានឱ្យដឹងទៀតថា វេជ្ជបណ្ឌិត ប៉ូលីស គ្រូបង្រៀន និងមន្រ្តីរាជការស៊ីវិលរាប់ពាន់នាក់ ដែលត្រូវបានបណ្តេញចេញពីការងាររបស់ពួកគេ ដោយសារតែការចោទប្រកាន់ថាមានពាក់ព័ន្ធទៅនឹងក្រុមភេរវកម្ម មិនទាន់ត្រូវបានគេយកសំណុំរឿងរបស់ពួកគេមកដោះស្រាយ ឬទូទាត់សំណងនោះទេ។
ចំណែកឯ គណៈកម្មការទទួលបន្ទុកពិនិត្យឡើងវិញ នូវការសម្រេចចិត្តបណ្តេញចេញនេះ គឺមិនបានបំពេញតួនាទីភាពស្របតាមស្ដង់ដារ ឬបទដ្ឋានអន្តរជាតិឡើយ ដោយដំណើរការទាំងមូលគឺធ្វើឱ្យមានភាពអាម៉ាស់ចំពោះប្រព័ន្ធ យុត្តិធម៌ក្នុងប្រទេសតួកគី។
គួរបញ្ជាក់ថា នីតិវិធីបណ្តេញបុគ្គលិករដ្ឋចេញពីការងាររបៀបនេះ និងកង្វះខាតនៃនីតិវិធីបណ្តឹងឧទ្ធរណ៍ ក៏បានគំរាមកំហែងដល់ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ នៅក្នុងនីតិវិធីរដ្ឋប្បវេណីដែលត្រូវបានចែងក្នុងមាត្រា ៦ (១) នៃអនុសញ្ញាអឺរ៉ុបស្តីពី សិទ្ធិមនុស្ស និងក្នុងមាត្រា១៤ និង ១៥ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ផងដែរ៕
ប្រភព៖ Turkishminute