ការឆ្លងវីរុសកំណាច Zika នៅឥណ្ឌាកើនឡើងដល់១៤០ករណី!
26-10-2018 15:52
(ញូដេលី)៖ ការរីករាលដាលនៃវីរុសហ្ស៉ីកា (Zika) បានកើនដល់ចំនួន ១៤០ករណី ហើយមកទល់ពេលនេះនៅរដ្ឋ រ៉ាចាស្ថាន (Rajasthan) ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរសុខាភិបាលឥណ្ឌា ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។
ប្រភពពីមន្រ្តីសុខាភិបាលឥណ្ឌាបានឲ្យដឹងថា ខណៈពេលនេះចំនួនករណីវីរុស Zika នៅក្នុងរដ្ឋ Rajasthan កំពុងឈរនៅត្រឹម ១៤០ករណី ដោយជាចម្បងបានកើតមានឡើងនៅទីក្រុង ចៃភើ (Jaipur) ហើយអ្នកជំងឺភាគច្រើនជាពលករចំណាកស្រុក។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលឥណ្ឌា បានបញ្ជូនក្រុមការងារពិសេសទៅកាន់រដ្ឋភាគខាងលិចនេះ ដើម្បីរៀបចំការតាមដានស្ថានការណ៍ជាប្រចាំនៅក្នុងរដ្ឋ និងត្រៀមចាត់វិធានការនានាដែលចាំបាច់។
គួរជម្រាបថា Zika គឺជាវីរុសដែលឆ្លងរីករាលដាល តាមរយៈសត្វមូសប្រភេទ Aedes ហើយអាការៈរោគរបស់វារួមមាន គ្រុនក្តៅ ចេញកន្ទួលលើស្បែក ភ្នែកឡើងក្រហម ឈឺសាច់ដុំនិងសន្លាក់ និងឈឺក្បាលជាដើម។ នេះគឺជាការផ្ទុះករណីវីរុស Zika លើកទីបីហើយ នៅក្នុងប្រទេសឥណ្ឌាគិតចាប់តាំងពីខែមករា ឆ្នាំ២០១៧៕