(អាមេរិក)៖ កាលពីសប្តាហ៍មុនមនុស្សនៅទូទាំងពិភពលោក ទើបបានឃើញកំណាត់ទឹកកក (Iceberg) មួយផ្ទាំង ដែលមានរាងយ៉ាងចម្លែកមួយ នៅក្នុងរូបភាពដែលថតបានដោយអ្នកវិទ្យាសាស្រ្តនៃអង្គការ NASA លោក ជែរេមី ហាប៊ែក (Jeremy Harbeck) នៅលើតំបន់ភាគខាងជើងឧបទ្វីបអង់តាកទិច។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។
ប៉ុន្តែ Iceberg មួយនោះពុំមែនមានតែឯងឡើយ ដោយលោក Harbeck ក៏បានប្រទះឃើញកំណាត់ផ្ទាំងទឹកកកចម្លែកៗបែបនេះ មួយចំនួនទៀតផងដែរ។ ផ្ទាំងទឹកកករាងចម្លែកទាំងនេះ ត្រូវគេហៅថា តាប៊ូឡា អាយស្បឺក «Tabular Iceberg»។
បើតាមរូបភាពថ្មីដែលអ្នកវិទ្យាសាស្រ្តរូបនេះទើបតែបញ្ចេញ គេមើលឃើញជ្រុងមួយផ្នែករបស់ Iceberg មួយផ្ទាំងមានរាងជាចតុកោណកែង ហៅថា «Tabular A» ដែលលោក Harbeck បានប្រទះឃើញកាលពីសប្តាហ៍មុន និង Iceberg មួយផ្ទាំងថ្មីទៀតហៅថា Tabular B នៅចំកណ្តាល។ ក្នុងរូបភាពនោះ ផ្ទាំងទឹកកកយក្សដែលមានឈ្មោះថា A68 ក៏បានបង្ហាញខ្លួនពីចម្ងាយផងដែរ។
បើតាម NASA Iceberg រាងចតុកោណកែងទាំងនេះ ទំនងជាទើបតែរបូតចេញពីផ្ទាំងទឹកកក Larsen C ជាផ្ទាំងទឹកកកមេ ដែលផ្ទាំងទឹកកកយក្ស A-68 បានផ្តាច់ខ្លួនចេញកាលពីកក្កដា ឆ្នាំ២០១៧។ គួរជម្រាបថា រូបភាពនៃ Iceberg រាងចម្លែកៗនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងប្រតិបត្តិការជិះយន្តហោះអង្កេតពីផ្ទៃអាកាសឈ្មោះថា Operation IceBridge ដែលស្ថិតក្រោមកិច្ចប្រឹងប្រែង ដើម្បីកត់ត្រាការប្រែប្រួល នៃផ្ទាំងទឹកកកនៅប៉ូលខាងត្បូង៕