(ប៉េកាំង)៖ អំឡុងពេល​នៃការស្វាគមន៍​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ ដ៏មហាកម្ររបស់​នាយករដ្ឋមន្ត្រី​ជប៉ុនលោក ស៊ីនហ្សូ អាបេ មកកាន់ទីក្រុង​ប៉េកាំងនោះ ប្រទេសចិន​បានអះអាងថា ខ្លួនមានឆន្ទៈក្នុងការលើក​ស្ទួយទំនាក់ទំនងជាមួយប្រទេស​ជប៉ុនឡើងវិញ ប្រកបដោយ​សុខុមាលភាព។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។

ការអះអាងដូចខាងលើនេះ គឺធ្វើឡើងដោយលោក​នាយករដ្ឋមន្ត្រីចិន លឺ ខឺជាំង ចំពោះ​មុខសមភាគី​ជប៉ុនលោក ស៊ីនហ្សូ អាបេ ហើយក្នុងនោះមេដឹកនាំ​ទាំងពីរក៏បានយល់ស្រប​គ្នាផងដែរថា ការធ្វើពាណិជ្ជកម្មសេរី​គួរតែត្រូវបាន​ការពារ ខណៈភាគចិន​បានបញ្ជាក់ប្រាប់​ជប៉ុនថា ចិនគ្មានចេតណាមួយ​ក្នុងការប្រកួតប្រជែងជាមួយជប៉ុន តាមរយៈការទម្លាក់តម្លៃប្រាក់យ័នរបស់ខ្លួននោះ​ឡើយ។

ក្រៅពីការប្តេជ្ញាចិត្តលើកស្ទួយវិស័យពាណិជ្ជកម្មទ្វេភាគីរវាងចិន និងជប៉ុន​ពេលនេះ ប្រទេសទាំងពីរក៏បានសន្យាផងដែរថា នឹងធ្វើការងាររួមគ្នាដើម្បីដោះស្រាយ​បញ្ហាកូរ៉េខាងជើង ហើយជប៉ុននៅ​តែរក្សាជំហរខ្លួនជា​និច្ចថា អ្វីៗអាចវិល​ទៅរកភាព​ប្រសើរឡើង​វិញបាន លុះត្រាណាតែ​បញ្ហាជនជាតិជប៉ុនមួយចំនួន ដែលត្រូវកូរ៉េខាងជើងចាប់​ឃុំ​ខ្លួននោះ ត្រូវបាន​ដោះស្រាយ​ជាមុន។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីនហ្សូ អាបេ បានធ្វើដំណើរ​ទៅដល់ទីក្រុងប៉េកាំង​​ កាលពីរសៀល​ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីបំពេញ​ដំណើរទស្សនកិច្ចផ្លូវរដ្ឋ​នៅក្នុងប្រទេសចិន តបតាមការអញ្ជើញ​ពីនាយករដ្ឋមន្ត្រីចិន​លោក លី ខឺជាំង (Li Keqiang)។ ​លោក អាបេ នឹងស្ថិតនៅ​ប្រទេសចិនពី​ថ្ងៃទី២៥ រហូតដល់​ថ្ងៃទី២៧ ខែតុលានេះ ហើយនេះ​​គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋ​​ជាលើកដំបូង​បំផុតរបស់​លោក​​មកកាន់​ទីក្រុង​ប៉េកាំង ក្នុងរយៈពេល​​ជាង ០៧ឆ្នាំមកនេះ។

ក៏ប៉ុន្តែគួរឱ្យ​កត់សម្គាល់ ដំណើរទស្សនកិច្ចនេះ​ធ្វើឡើងនៅចំពេលជប៉ុន និងចិន សុទ្ធតែកំពុងមានភាពតាន​តឹងផ្នែកពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ជាពិសេសគឺសង្រ្គាម​ដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ដែលត្រូវបានអ្នក​ជំនាញខ្លះយល់ថា អាចនឹងក្លាយជាមូលហេតុមួយធ្វើឱ្យ​ទីក្រុងតូក្យូ និងទីក្រុងប៉េកាំង មានទំនាក់ទំនង​កាន់តែល្អ​នឹងគ្នា៕