(ម៉ូស្គូ)៖ របាយការណ៍សម្ងាត់មួយ ទើបត្រូវបានទម្លាយដោយមជ្ឈមណ្ឌល ខាណេជី-ស៊ីងហ័រ (Carnegie-Tsinghua) ដែលជំនាញខាងតាមដាននយោបាយសកលបានអះអាងថា ប្រទេសចិនកំពុងត្រៀមផលិតអាវុធនុយក្លេអ៊ែរបន្ថែមទៀត ព្រោះបច្ចុប្បន្ននេះ ក្បាលគ្រាប់នុយក្លេអ៊ែរដែលចិនកំពុងស្តុកទុកស្រាប់នោះ គឺមិនទាន់គ្រប់គ្រាន់ដើម្បីឲ្យខ្លួនអាចពើងទ្រូង ដាក់ប្រទេសមហាអំណាចនុយក្លេអ៊ែរផ្សេងទៀតនោះឡើយ។ នេះបើតាមការចេញផ្សាយព័ត៌មានដោយ Sputnik នាព្រឹកថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។
ជុំវិញបញ្ហាខាងលើនេះ លោក តុង ចាវ (Tong Zhao) ដែលជាអ្នកស្រាវជ្រាវមួយនៃមជ្ឈមណ្ឌល Carnegi-Tsinghua មូលហេតុសំខាន់បំផុតមួយ ដែលស្ថិតនៅពីក្រោយគំរោងបង្កើតអាវុធនុយក្លេអ៊ែររបស់ចិន ដើម្បីបំពាល់លើនាវាមុជទឹកនោះ គឺដោយសារតែក្រុមជំនាញចិនបានផ្តល់យោបល់ថា កងទ័ពចិនត្រូវតែធ្វើការផលិតអាវុធនុយក្លេអ៊ែរដែលខ្លាំងជាងអ្វីដែលខ្លួនមាន ដើម្បីបង្ហាញប្រទេសមហាអំណាចនុយក្លេអ៊ែរផ្សេងទៀតថា ចិនអាចតបតទៅវិញដោយមិនញញើតដៃ ចំពោះការវាយប្រហារណាមួយដោយអាវុធនុយក្លេអ៊ែររបស់សត្រូវ។
លោក Zhao បានបញ្ជាក់យ៉ាងដូច្នេះថា «ក្តីព្រួយបារម្ភចិន គឺទៅលើការប្រកួតប្រជែងសព្វាវុធថ្មីៗ ដែលមិនមែនជាអាវុធមីស៊ីល ឬអាវុធច្រើនប្រភេទទៀតដែលខ្លួនមានសមត្ថភាពផលិតបាននោះឡើយ ប៉ុន្តែក្រុមជំនាញចិនកំពុងតែព្រួយបារម្ភទៅលើប្រទេសដទៃដែលកំពុងធ្វើការអភិវឌ្ឍអាវុធប្រភេទថ្មី ដែលគ្រប់គ្រាន់ក្នុងការគំរាមកំហែងទៅលើចិន ទោះបីចិនមានអាវុធនុយក្លេអ៊ែរក៏ដោយ»។
គួរបញ្ជាក់ថា បើតាមការលើករបស់លោក Zhao ក្តីព្រួយបារម្ភរបស់ចិន គឺកើតមានឡើងបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវអាមេរិកបានទម្លាយថា សហរដ្ឋអាមេរិកមានបច្ចេកវិទ្យាខ្លាំងគ្រប់គ្រាន់ដើម្បីបំផ្លាញចិន និងរុស្ស៊ី ប្រសិនបើខ្លួនចង់ធ្វើនោះ។ ហេតុដូច្នេះប្រទេសចិន ឬសូម្បីតែរុស្ស៊ី គ្មានផ្លូវណាផ្សេងក្នុងការជ្រើសរើសនោះឡើយ ដោយប្រទេសយក្សទាំងពីរនេះមានតែប្រឹងអភិវឌ្ឍន៍នុយក្លេអ៊ែរឲ្យកាន់តែខ្លាំង មានចំនួនច្រើនជាងមុន និងប្រកបដោយបច្ចេកទេសខ្ពស់ឡើងៗជាដើម៕