(វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើប​អង្កេតសហព័ន្ធ​អាមេរិក FBI ​បានបើកការ​ស៊ើបអង្កេតលើ កន្លែងទទួលសំបុត្រ (mail facility) មួយស្ថិតនៅក្បែរទីក្រុង ម៉ៃអាមី (Miami) នៃរដ្ឋផ្លូរីដា ខណៈក្រុមអ្នកស៊ើប​អង្កេតកំពុងព្យាយាម​តាមរកអ្នក​នៅពីក្រោយ ការបញ្ជូនកញ្ចប់​គ្រាប់បែកច្នៃជា​បន្តបន្ទាប់ ទៅកាន់អ្នក​នយោបាយអាមេរិក និងបុគ្គលល្បីៗ​មកពីគណបក្ស​ប្រជាធិបតេយ្យ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន BBC ​នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក កញ្ចប់គ្រាប់​បែកច្នៃ​ត្រូវបានគេបញ្ជូន​ជាបន្តបន្ទាប់​ទៅកាន់អ្នកនយោបាយ និងបុគ្គល​អាមេរិក​ល្បីៗចំនួន ០៨នាក់ ក្នុងនោះរួមមានទាំង​អតីតអនុប្រធានាធិបតី​អាមេរិក​លោក ចូ ប៊ីដឌិន (Joe Bidden) និង​តារាសម្ដែង រ៉ូប៊ឺត ដឺ នីរ៉ូ (Robert De Niro) ដែលអ្នកទាំងពីរ​គឺជាអ្នកទទួលបាន​កញ្ចប់គ្រាប់បែកច្នៃចុង​ក្រោយគេ។ ដោយឡែក មន្ត្រីអាមេរិក​ជាច្រើននាក់ក៏បាន​បញ្ជាប់ប្រាប់ ប្រព័ន្ធផ្សព្វផ្សាយ​ដែរថា កញ្ចប់គ្រាប់បែកច្នៃ​ចុងក្រោយនេះ គឺមានប្រភពមកពីរដ្ឋផ្លូរីដា។ ក៏ប៉ុន្តែ FBI​ មិនទាន់ចេញ​របាយការណ៍​លម្អិតណាមួយនៅ​ឡើយទេ ស្របពេលអ្នក​ទទួលកញ្ចប់ទាំងនេះ​ ភាគច្រើនអ្នកប្រជាធិបតេយ្យ​ដែលចូលចិត្តរិះគន់​លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា ការផ្ញើកញ្ចប់​គ្រាប់បែកច្នៃ​ (មិនផ្ទុះ) ទៅកាន់អ្នក​នយោបាយ​បក្ស​ប្រជាធិបតេយ្យ កើតមានឡើង​នៅចំពេល​សហរដ្ឋអាមេរិក​​កំពុងត្រៀម​រៀបចំ​ការបោះឆ្នោត​សភា​ពាក់កណ្ដាល​​អាណត្តិ ដែលនឹងប្រព្រឹត្ត​​ទៅនៅ​ថ្ងៃទី០៦ ខែវិច្ឆិកា​ខាងមុខនេះ ហើយបើតាម FBI បុគ្គលទាំង ០៨នាក់ខាងលើរួមមាន៖

១៖ មហាសេដ្ឋី​លោក ចច សូរ៉ូស (George Soros)
២៖ អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton)
៣៖ អតីតប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា (Barack Obama)
៤៖ អនុប្រធានាធិបតី​អាមេរិក​លោក Joe Biden
៥៖ អតីតនាយក CIA​ លោក ចន ប្រេនណិន (John Brennan)
៦៖ អតីតអគ្គរដ្ឋអាជ្ញា​លោក អេរិច ហូលដឺ (Eric Holder)
៧៖ សមាជិកសភាបក្ស​ប្រជាធិបតេយ្យ​មកពីរដ្ឋកាលីហ្វរញ៉ា លោកស្រី ម៉ាស៊ីន វ៉តធើស៍ (Maxine Waters)
៨៖ តារាសម្ដែង Robert De Niro