(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យសេតវិមានបានឲ្យដឹងថា នាយកនៃទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ CIA លោកស្រី ជីណា ហាស្ពែល (Gina Haspel) បានចូលរាយការណ៍ ប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ទីក្រុងអង់ការ៉ានៃប្រទេសតួកគី ដើម្បីពិនិត្យមើលស្ថានការណ៍ជាក់ស្តែង ជុំវិញការបាត់បង់ជីវិតនៃអ្នកកាសែតជនជាតិអារ៉ប៊ីសាអូឌីត លោក Jamal Khashoggi។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។
ក្រោយពីអារ៉ាប៊ីសាអូឌីត បានឆ្លើយអះអាងកាលពីចុងសប្តាហ៍មុនថា លោក Khashoggi បានបាត់បង់ជីវិតដោយសារជម្លោះពាក្យសម្តីក្លាយជាហិង្សានៅឯស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងប្រទេសតួកគី លោក ដូណាល់ ត្រាំ នាដើមសប្តាហ៍នេះ បាននិយាយថា រូបលោកហាក់ដូចជាមិនអស់ចិត្តនឹងចម្លើយសារភាពនេះឡើយ ហើយលោកត្រូវគេរាយការណ៍ថា បានបញ្ជូនលោកស្រី ដែលជានាយកទីភ្នាក់ងារ CIA ឲ្យទៅតួកគី ដើម្បីពិនិត្យមើលដោយជាក់ស្តែងជុំវិញករណីនេះ។
គួរជម្រាបថា នាម្សិលមិញនេះ អារ៉ាប៊ីសាអូឌីត ក៏បានចេញមុខទទួលស្គាល់ផងដែរថា ការបាត់បង់ជីវិតរបស់លោក Khashoggi នៅក្នុងស្ថានកុលស៊ុលរបស់ខ្លួន នៅទីក្រុងអ៉ីស្តង់ប៊ុល នៃប្រទេសតួកគី គឺជាករណីឃាតកម្មព្រាងទុកជាមុន ក្រោយទទួលបានព័ត៌មានពីភាគីតួគគីតាមរយៈក្រុមការងារចម្រុះ ហើយទីក្រុងរីយ៉ាដ ក៏បានបើកការស៉ើបអង្កេតដោយយោងលើព័ត៌មានថ្មីនេះ។ បើតាមការបញ្ជាក់ពីអារ៉ាប៊ីសាអូឌីត កន្លងទៅនេះ ជនសង្ស័យចំនួន១៨នាក់ ត្រូវបានចាប់ខ្លួនក្រោមការសង្ស័យថាមាន ពាក់ព័ន្ធនឹងករណីនេះ៕