(រីយ៉ាដ)៖ នាថ្ងៃព្រហស្បតិ៍នេះ ទីក្រុងរីយ៉ាដ បានផ្តល់ចម្លើយសារភាពថ្មីមួយទៀត ជុំវិញសំណុំរឿងលោក Jamal Khashoggi ដោយទទួលស្គាល់ថាការបាត់បង់ជីវិតនៃអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីតរូបនេះ នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត នៅតួកគី គឺជារឿងឃាតកម្មរៀបចំទុកជាមុន។ នេះបើតាមអគ្គរដ្ឋអាជ្ញាអារ៉ាប៊ីសាអូឌីត ដកស្រង់សម្តីដោយស្ថានីយទូរទស្សន៍ CNN នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។
អគ្គរដ្ឋអាជ្ញាអារ៉ាប៊ីសាអូឌីត លោក Shaikh Suood bin Abdullah Al Mo'jab បានឲ្យដឹងថា បើតាមព័ត៌មានទទួលបានពីភាគីតួកគី តាមរយៈក្រុមស៉ើបអង្កេតចម្រុះរវាងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងសាធារណរដ្ឋតួកគី បានបង្ហាញឲ្យឃើញថា សំណុំរឿងលោក Khashoggi, អារ៉ាប៊ីសាអូឌីត បានរៀបចំផែនការរបស់ពួកគេជាមុនដើម្បីសម្លាប់អ្នកកាសែតរូបនេះ។ កាលពីថ្ងៃអង្គារកន្លងទៅ ប្រធានាធិបតីតួកគី លោក Erdogan ក៏បានលើកឡើងម្តងរួចមកហើយថា ការបាត់បង់ជីវិតលោក Khashoggi គឺជាការរៀបចំទុកជាមុនដោយអារ៉ាប៊ីសាអូឌីត។
គួរជម្រាបថា ជុំវិញសំណុំរឿងលោក Khashoggi ពីដំបូងឡើយ អារ៉ាប៊ីសាអូឌីត បានប្រកាន់ជំហរអះអាងថា អ្នកកាសែតរូបនេះ នៅមានជីវិតធម្មតានិងបានចាកចេញពីស្ថានកុលស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំនៅទីក្រុងអ៉ីស្តង់ប៊ុលរបស់តួកគី កាលពីថ្ងៃទី០២ ខែតុលា។ ក្រោយមក កាលពីចុងសប្តាហ៍មុន ទីក្រុងរីយ៉ាដ ក៏បានឆ្លើយសារភាពថា លោក Khashoggi ពិតជាបានស្លាប់នៅក្នុងស្ថានកុងស៊ុលប្រាកដមែន ប៉ុន្តែដោយសារតែទំនាស់វាយតប់គ្នា និងមិនដឹងថាសាកសពនៅទីណាឡើយ៕