(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ ត្រូវបានតុលាការចោទប្រកាន់បន្ថែម ជាមួយអតីតមន្ត្រីជាន់ខ្ពស់ពីររូបរបស់លោក ពាក់ព័ន្ធនឹងការប្រើប្រាស់មូលនិធិរដ្ឋមិនត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។
លោក ណាជីប និងអតីតអគ្គលេខាធិការរតនាគារជាតិ លោក ម៉ូដ អឺវ៉ាន សេរីហ្គា អាប់ឌុលឡាហ៍ (Mohd Irwan Serigar Abdullah) ត្រូវបានតុលាការចោទប្រកាន់ រួមគ្នាពីបទល្មើស ០៦ករណី ជុំវិញការរំលោភសេចក្ដីទុកចិត្ត ទាក់ទិននឹងមូលនិធិ ១.៥៨លានដុល្លារ។ ចំណែកឯ អតីតមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត មកពីអង្គភាពស៊ើបការណ៍សំងាត់ម៉ាឡេស៊ី លោកស្រី ហាសាណាហ៍ អាប ហាមីដ (Hasanah Ab Hamid) ក៏ត្រូវបានតុលាការចោទប្រកាន់ ពីបទរំលោភលើសេចក្ដីទុកចិត្តពាក់ព័ន្ធនឹងប្រាក់ ១២លានដុល្លារផងដែរ។
គួរបញ្ជាក់ថា ផ្អែកលើការចោទប្រកាន់ថ្មីខាងលើដែលប្រព្រឹត្តនៅចន្លោះខែធ្នូ ឆ្នាំ២០១៦ និងខែធ្នូ ឆ្នាំ២០១៧ បានធ្វើឱ្យលោក ណាជីប ត្រូវប្រឈមមុខនឹងបទចោទចំនួន ៣២ករណី ក្នុងនោះរួមមានការរំលោភលើសេចក្ដីទុកចិត្ត រំលោភអំណាច លាងលុយកខ្វក់ ពាក់ព័ន្ធនឹងមូលនិធិរដ្ឋ1MDB និង SRC International៕