(ប៉េកាំង)៖ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីនហ្សូ អាបេ បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង​ហើយ នៅរសៀល​ថ្ងៃព្រហស្បតិ៍នេះ ដើម្បីបំពេញ​ដំណើរទស្សនកិច្ចផ្លូវរដ្ឋ​នៅក្នុងប្រទេសចិន តបតាមការអញ្ជើញ​ពីនាយករដ្ឋមន្ត្រីចិន​លោក លី ខឺជាំង (Li Keqiang)។ នេះបើ តាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។

ជាមួយគ្នា​នោះដែរ បើតាមការគ្រោងទុក​លោក អាបេ នឹងស្ថិតនៅក្នុងប្រទេសចិនពីថ្ងៃទី២៥ រហូតដល់​ថ្ងៃទី២៧ ខែតុលានេះ ហើយនេះ​គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋ​ជាលើកដំបូង​បំផុតរបស់លោក​​មកកាន់ទីក្រុង​ប៉េកាំង ក្នុងរយៈពេល​ជាង ០៧ឆ្នាំមកនេះ។ ដោយឡែក​នៅក្នុងដំណើរទស្សនកិច្ច​នេះ​លោក អាបេ ត្រូវបាន​គេរំពឹងថា នឹងផ្លាស់ប្ដូរយោបល់​ក៏ដូចជាពិភាក្សា​ការងារ​ជាមួយមេដឹកនាំ​ទីក្រុងប៉េកាំង ជុំវិញការលើកកម្ពស់​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី និងក្ដីកង្វល់រួមពី​បញ្ហានៅក្នុង​តំបន់។

ក៏ប៉ុន្តែគួរឱ្យ​កត់សម្គាល់ ដំណើរទស្សនកិច្ចនេះ​ធ្វើឡើងនៅចំពេលជប៉ុន និងចិន សុទ្ធតែកំពុងមានភាពតាន​តឹងផ្នែកពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ជាពិសេសគឺសង្រ្គាម​ដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ដែលត្រូវបានអ្នក​ជំនាញខ្លះយល់ថា អាចនឹងក្លាយជាមូលហេតុមួយធ្វើឱ្យ​ទីក្រុងតូក្យូ និងទីក្រុងប៉េកាំង មានទំនាក់ទំនង​កាន់តែល្អ​នឹងគ្នា៕