(តៃយាន)៖ ប្រទេសចិនបានធ្វើការបាញ់បញ្ជូនផ្កាយរណបមួយគ្រឿង ទៅកាន់គន្លងតារាវិធីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្កើតចេញជាបណ្តាញរួមមួយ ក្នុងការអង្កេតដែនសមុទ្ររបស់ផែនដី ហើយផ្កាយរណបទាំងពីរគ្រឿងនេះ នឹងត្រូវបន្តការងារពីផ្កាយរណប ដែលកំពុងគោចរជុំវិញផែនដីស្រាប់ គឺ HY-2C និង HY-2D។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។
ផ្កាយរណបមួយគ្រឿងខាងលើនេះមានឈ្មោះថា HY-2B ត្រូវបានដាក់បញ្ចូលទៅក្នុងរ៉ុក្កែត Long March-4B ចំនួនមួយដើម រួចរុញច្រើនឡើងទៅដល់គន្លងតារាវិថីកាលពីវេលាម៉ោង ៦៖៥៧នាទីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប តៃយាន (Taiyuan) ក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេសចិន។
ផ្កាយរណប HY-2B គឺមានតួនាទីអង្កេតផ្ទៃសមុទ្រ និងធ្វើការផ្តល់ព័ត៌មានគ្រប់បែបយ៉ាងអំពីអាកាសធាតុ ជាមួយនឹងអាយុកាលធ្វើប្រតិបត្តិការ ០៥ឆ្នាំ។ បើតាមសមត្ថភាពរបស់វា HY-2B អាចធ្វើការអង្កេតផ្ទៃសមុទ្ររហូតដល់ ៩០% នៅទូទាំងភពផែនដី ហើយអាចដឹងអំពីសីតុណ្ហភាពនៃផ្ទៃមហាសមុទ្រទាំងអស់, ល្បឿនខ្យល់បក់បោក, ការប្រែប្រួលទឹកកកលើសមុទ្រទឹកកក និងកម្រិតនៃទឹកភ្លៀងធ្លាក់ជាដើម។
គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១១ ប្រទេសចិនបានធ្វើការបាញ់បង្ហោះផ្កាយរណប-ឌីណាមិច HY-2A ជាមួយនឹងគំរោងធ្វើបេសកកម្មរយៈពេល ០៧ឆ្នាំ មានន័យថា វាត្រូវផុតកំណត់ក្នុងឆ្នាំ២០១៨ នេះហើយ។ សម្រាប់ HY-2B វិញគឺមានមុខព្រួញធ្វើបេសកកម្មចំនួនពីរទៀតនោះគឺទី ១ អាចអង្កេត និងចាប់សញ្ញានាវានានាដែលចល័តលើផ្ទៃទឹក និងទី ២ គឺប្រមូលទិន្នន័យហើយស្តុកទុក ពាក់ព័ន្ធទៅនឹងសកម្មភាពនានានៅដែនសមុទ្រចិន និងសមុទ្រផ្សេងៗទៀតផងដែរ៕