(កែនយ៉ា)៖ ថាមពលជាង ៣១០មេហ្គាវ៉ាត់ នឹងត្រូវបន្ថែមចូលទៅក្នុងបណ្តាញផ្គត់ផ្គង់អគ្គិសនីជាតិ នៃប្រទេសកែនយ៉ា នៅចុងខែតុលានេះ នៅពេលដែលសួនផលិតថាមពលអគ្គិសនីដោយប្រើកម្លាំងខ្យល់បក់ដ៏ធំមួយ ត្រូវបានតភ្ជាប់ ក្រោយការធ្វើតេស្តចប់រួចរាល់ជាស្ថាពរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។
អាជ្ញាធរកែនយ៉ាបានឲ្យដឹងនាសប្តាហ៍នេះថា ការធ្វើតេស្តទៅលើបង្គោលផលិតអគ្គិសនីដោយប្រើកម្លាំងខ្យល់ (Wind Turbine) ចំនួន ៣៦៥គ្រឿង ជិតចប់សព្វគ្រប់ជាស្ថាពរហើយ ខណៈពួកវានឹងអាចចាប់ដំណើរការផ្គត់ផ្គង់ ថាមពលបានជាផ្លូវការនៅចុងខែតុលានេះ។
គួរជម្រាបថា គម្រោងសួនថាមពលខាងលើ ដែលមានទីតាំងនៅភាគខាងជើងកែនយ៉ា ត្រូវគេរំពឹងថា នឹងជួយកាត់បន្ថយថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ក្នុងប្រទេសអាហ្វ្រិកខាងកើតមួយនេះ ខណៈដែលវាជាថាមពលស្អាត និងជួយគាំពារដល់បរិស្ថានបានយ៉ាងប្រសើរបំផុត៕