(រីយ៉ាដ)៖ សំណុំរឿងឃាតកម្មលើអ្នកសារព័ត៌មាន​អារ៉ាប៊ីសាអ៊ូឌីត មកពីកាសែត Washington Post ​លោក ខាសហូកជី (Khashoggi) កំពុង​បង្កជាសំណួរជាច្រើន ជុំវិញ​ចំណាត់ការរបស់​សហគមន៍អន្តរជាតិ​លើទីក្រុងរីយ៉ាដ ខណៈអាល្លឺម៉ង់​គឺជាប្រទេសលោក​ខាងលិច ដំបូងគេដែល​បានប្រកាសជា​សាធារណៈថា ទីក្រុងប៊ែរឡាំង​មិនអាចបន្ត​លក់អាវុធ​ ឱ្យអារ៉ាប៊ីសាអូឌីតទៀត​នោះទេ នៅក្នុងករណី​ដែលសំណុំ​រឿងលោក Khashoggi មិនទាន់ត្រូវ​បានបំបែក​ទាំងស្រុង ហើយនរណា​ជាអ្នកទទួល​ខុសត្រូវ។

​លោក Khashoggi ជាអ្នករិះគន់​លើនយោបាយដឹកនាំ​របស់ព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន់ បានបាត់ខ្លួន​ក្រោយចូលស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុង​អ៊ីស្ដង់ប៊ូល ប្រទេសតួកគី​កាលពីថ្ងៃទី០២ ខែតុលា។ ចំណែកឯ អាជ្ញាធរ តួកគីបាន​អះអាងថា លោកត្រូវបានគេសម្លាប់​នៅក្នុងស្ថាន​កុងស៊ុល ហើយ​អារ៉ាប៊ីសាអូឌីត​ ក៏បានទទួលស្គាល់​ពីមរណភាពរបស់​អ្នកសារព័ត៌មានរូប​នេះដែរ ប៉ុន្តែបាន​បដិសេធ​ចំពោះការលើកឡើង​ដែរថា ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន សាល់ម៉ាន់ ជាអ្នក​ទទួល​ខុសត្រូវចំពោះ​រឿងនេះ។

ដោយឡែក ជុំវិញសំណុំ​រឿងនេះដែរ អ្នកជំនាញខាងវិភាគនយោបាយ​ម្នាក់ គឺលោកស្រី ខាធឺរិន ហ្សាកដាំ (Catherine Shakdam) បានផ្តល់សម្ភាសន៍​ជាមួយ Sputnik​ ថា មហាអំណាច​លោកខាងលិចដូចជា បារាំង អាល្លឺម៉ង់ និងអង់គ្លេស​ជាដើម រួមទាំងរាជ្យវង្ស​អារ៉ាប៊ីសាអូឌីត អាចនឹងបង្ខំ​ឱ្យព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន សាល់ម៉ាន់ ចុះពីតំណែងជារាជទាយាទ។

លោកស្រី Catherine បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «វាអាចទៅរួចថា​មហាអំណាចលោក​ខាងលិច និងសែរាជវង្ស​អារ៉ាប៊ីសាអូឌីត មួយចំនួនអាចនឹង​បង្ខំឱ្យទ្រង់ចុះចេញពី​តំណែង ពីព្រោះទ្រង់គ្មាន​ទំនួលខុសត្រូវ​ ដែលនេះអាចឱ្យបណ្ដា​មេដឹកនាំ​ពិភពលោក លែងចង់មាន​ទំនាក់ទំនង​ជាមួយទ្រង់។ ម្យ៉ាងវិញ​ទៀត សូម្បីតែសមាជិក​សភាអាមេរិកក៏ធ្លាប់​អះអាងដែរថា មិនឃើញ​ទ្រង់កាន់ តំណងជា​រាជទាយាទ ឬតំណែងជាន់ខ្ពស់​នៅក្នុងជួររដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ទៀតនោះ បើសិនជាទ្រង់​ជាអ្នកបញ្ជាឱ្យ​គេសម្លាប់ លោក Khashoggi»

តែទោះជា​យ៉ាងណា លោកស្រី Khashoggi នៅតែទទួល​ស្គាល់ដដែលថា ការចង់ឱ្យព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន សាល់ម៉ាន់ ចុះចេញពី​តំណែងមិនមែន​ជារឿងងាយ​ស្រួល​នោះទេ ដ្បិតបច្ចុប្បន្ន​ទ្រង់មានអំណាចពេញ​ដៃទៅហើយ។ ម្យ៉ាងវិញទៀត​គេគ្រប់គ្នាសុទ្ធតែ ដឹងថាអារ៉ាប៊ីសាអូឌីត​ជាមហាសេដ្ឋី​មានលុយចាយ​ សឹងមិនចេះអស់ជាមួយ​ធនធានប្រេង ដែលប្រទេសដទៃ​នៅលើពិភពលោក​ពឹងផ្អែក។ ពោលបើនិយាយ​ឱ្យជាក់ស្ដែង គឺលុយមាន​សំឡេងខ្លាំងជាងអ្វីៗ​ទាំងអស់។

ជាក់ស្ដែងសូម្បី​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ខ្លួនឯង​ក៏ធ្លាប់បាន​និយាយ​ដែរថា លោកមិនចង់ឱ្យ​ដោយសារតែ មនុស្សម្នាក់ធ្វើ​ឱ្យសហរដ្ឋអាមេរិក​ ខាតបង់ប្រាក់​រាប់ពាន់លានដុល្លារ​ឡើយ។ «ពួកគេ (អារ៉ាប៊ីសាអូឌីត) កំពុងត្រៀម​ចាយលុយ ១១០ពាន់លានដុល្លារ លើការទិញ​បរិក្ខាយោធា ហើយដែល​នេះបានបង្កើត​ការងារ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ​នៅក្នុង​​សហរដ្ឋអាមេរិក។ ដូច្នេះ​ខ្ញុំមិនពេញ​ចិត្ត​ទាល់តែសោះ​ ​ចំពោះគំនិតបញ្ឍប់​​ការលក់អាវុធ ឬការ​វិនិយោគ​​របស់ទីក្រុង​រីយ៉ាដ ដ្បិតអ្នកទាំង​អស់គ្នា​ដឹងយ៉ាងច្បាស់​ថា ពួកគេនឹងធ្វើអ្វី​​ជាការឆ្លើយតប។ ពោលគឺពួក​គេនឹងដក​យកលុយវិញ ហើយយកវា​ទៅចាយ​នៅក្នុងប្រទេស​​រុស្ស៊ី ឬ ចិន ឬក៏ប្រទេស​ណាមួយ​ក៏​ថាបាន»។ នេះគឺជាការគូស​បញ្ជាក់របស់លោក ត្រាំ កាលពី​ថ្ងៃទី១២ ខែតុលា កន្លងទៅ។

គួរជម្រាបថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ​បានធ្វើការកត់សម្គាល់​ជាថ្មីថា ព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន់ អាចជា​អ្នកពីក្រោយខ្នង​ការស្លាប់របស់លោក Khashoggi ខណៈទីប្រឹក្សា​ប្រធានាធិបតីតួកគី​ម្នាក់និយាយថា ដៃទាំងទ្វេរបស់ទ្រង់​ប្រឡាក់ ដោយឈាម​អ្នកកាសែតរូបនេះ។ ក៏ប៉ុន្តែភ្លាមៗ អារ៉ាប៊ីសាអូឌីត មិនទាន់ធ្វើ​ការអត្ថាធិប្បាយណាមួយ​ ជុំវិញការលើក​ឡើងទាំង​នេះ​នៅឡើយទេ៕

ប្រភព៖ Sputnik, ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨