(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី នៅថ្ងៃពុធនេះ បាននិយាយថាអារ៉ាប៊ីសាអូឌីតមិនអាចសម្លាប់ អ្នកសារព័ត៌មាន លោក Jamal Khashoggi ឡើយ បើគ្មានការគាំទ្រ និងការការពារពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។

ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុក លោក រូហានី បានគូសបញ្ជាក់ដូច្នេះថា៖ «គ្មាននរណាម្នាក់អាចស្រម៉ៃបានឡើយថា ពិភពលោកសព្វថ្ងៃ និងនៅស.វថ្មីនេះ យើងនៅតែឃើញការរៀបចំការប្រព្រឹត្តអំពើឃាតកម្ម និងប្រព័ន្ធសម្លាប់មនុស្សដ៏ឃោរឃៅ របៀបនេះ...ហើយខ្ញុំមិនជឿឡើយថាប្រទេសមួយហ៊ានប្រព្រឹត្តបទឧក្រិដ្ឋ ដោយគ្មានការការពារ និងគាំទ្រពីសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា បើទោះជាអារ៉ាប៊ីសាអូឌីត បានទទួលស្គាល់ថាលោក Khashoggi បានស្លាប់ក៏ពិតមែន ប៉ុន្តែគេមិនទាន់រកឃើញ សាកសពរបស់លោកនៅឡើយទេ បន្ទាប់ពីត្រូវបានគេឃើញជាលើកចុងក្រោយនៅពេលស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ៕