(ប៉េកាំង)៖ កាលពីថ្ងៃទី ២៣ ខែតុលា លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានអញ្ជើញចូលរួមពិធីដាក់ឲ្យប្រើប្រាស់ស្ពាន ​ហុងកុង-ជូហៃ-ម៉ាកាវ ដែលបានប្រារព្ធ​ឡើងនៅក្រុងជូហៃ ខេត្តក្វាងតុង ប្រទេសចិន​ ព្រមទាំងប្រកាសដាក់​ឲ្យប្រើប្រាស់ស្ពាន​ជាផ្លូវការ។ រហូតដល់​បច្ចុប្បន្ននេះ «វិស្វកម្មដ៏អស្ចារ្យ» ដែលបានរៀបចំសាង​សង់ឡើងអស់រយៈពេល ១៥ឆ្នាំ និងមានប្រវែង​សរុប ៥៥ គីឡូម៉ែត្រ នេះត្រូវបាន​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ។

ស្ពានហុងកុង-ជូហៃ-ម៉ាកាវ គឺជាគម្រោងចរាចរណ៍​ឆ្លងកាត់សមុទ្រដែលវែង​ជាងគេ និងលំបាកជាង​គេបំផុតលើពិភព​លោក ដែលរួមសហការ​សាងសង់ដោយ​ខេត្តក្វាងតុង តំបន់រដ្ឋបាល​ពិសេសហុងកុង និងម៉ាកាវ​ជាលើកដំបូង។ ស្ពាននេះជា​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​ដ៏សំខាន់បំផុត នៅតំបន់ Dawan នៃខេត្ត​ក្វាងតុង តំបន់ហុងកុង និងម៉ាកាវ។ នេះជាលើកដំបូង​ដែលសម្រេច​បាន នូវការតភ្ជាប់​រវាងផ្លូវគោកក្រុង​ជូហៃ ទៅកាន់ តំបន់ម៉ាកាវ និងហុងកុង។

បន្ទាប់ពីស្ពាននេះ​ត្រូវបានដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ ការធ្វើដំណើរ​ពីតំបន់ហុងកុង ទៅក្រុងជូហៃ និងតំបន់ម៉ាកាវ​ នឹងត្រូវកាត់បន្ថយ​រយៈពេលពោល​គឺពី ៣ ម៉ោងមក​នៅត្រឹមតែ ៤៥​នាទី ដែលនឹងជំរុញការអភិវឌ្ឍតំបន់ Dawan នៃខេត្ត​ក្វាងតុង តំបន់ហុងកុង និងម៉ាកាវយ៉ាងឆាប់រហ័ស។ លោក Meng Fanchao អគ្គស្ថាបត្យករ​នៃស្ពានហុងកុង-ជូហៃ-ម៉ាកាវ​បានថែ្លងថា វានឹងផ្លាស់ប្តូរ​ទាំងស្រុងនូវ​រចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច និងចរាចរណ៍នាបច្ចុប្បន្ន​នេះ ដែលនាំឲ្យប្រជាជន​ទទួលបានជីវិត​រស់នៅបែបថ្មី ហើយនឹង​នាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ច​រាប់ពាន់លាន។

ក្នុងពេលកសាងស្ពាន​ហុងកុង-ជូហៃ-ម៉ាកាវ សម្ភារៈថ្មី សិល្បៈថ្មី បរិក្ខាថ្មី និងបច្ចេកវិទ្យាថ្មី​បានលេចចេញឡើង​គ្មានទីបញ្ចប់ ក្នុងនោះ គ្រាន់តែកម្មសិទ្ធិ​បញ្ញាមានដល់ទៅ​ជាង ៤០០​មុខ បានបំពេញភាព​ចន្លោះប្រហោង នៃវិស័យជាច្រើន។ លោក Su Quanke អគ្គវិស្វករមន្ទីរគ្រប់គ្រង​ស្ពានហុងកុង-ជូហៃ-ម៉ាកាវ បានវាយ​តម្លៃថា​៖ «ស្ពានហុងកុង-ជូហៃ-ម៉ាកាវ ជាស្ពានបច្ចេកវិទ្យា និងច្នៃប្រឌិតដ៏​ពិតប្រាកដ។ នៅពីក្រោយបញ្ហា​ប្រឈមលំដាប់​ពិភពលោកទាំងនេះ គឺជាកម្លាំងជំរុញ​ដ៏ខ្លាំងក្លាប្រកបដោយ​ភាពច្នៃប្រឌិត​​លើផ្នែកសំខាន់ និងការគាំទ្រផ្នែកបច្ចេកវិទ្យា​ដ៏រឹងមាំ»។

ឧទាហរណ៍ ដើម្បីដោះស្រាយនឹងបញ្ហា​ប្រឈមធំៗចំនួន ៤ ពោលគឺការគ្រប់គ្រង​នៃការសាងសង់សំណង់ បច្ចេកវិទ្យា​ផ្នែកវិស្វកម្ម ការការពារបរិស្ថាន និងសន្តិសុខលើ​ផ្ទៃសមុទ្រ ស្ពានហុងកុង-ជូហៃ-ម៉ាកាវ បានប្រកាន់​យកគោលនូវគំនិតស្តីពី «ការផលិតដោយឧស្សាហូបនីយកម្ម» ដែលអាចទប់ទល់នឹងព្យុះសង្ឃរា​ទីហ្វុងទី ១៦ ការរញ្ជួយដី ៧.០ រ៉ិចទ័រ ហើយអាយុកាលប្រើប្រាស់ដល់ទៅ ១២០ ឆ្នាំ ជាដើម។ ទាំងនេះក៏ជាការ​អនុវត្តនូវគំនិតស្តីពី «ការផលិតដោយ​ឧស្សាហូបនីយកម្ម ដោយគ្រប់ជ្រុង​ជ្រោយ» មុនគេបង្អស់ក្នុង​ប្រវត្តិសាស្ត្រ នៃការកសាងស្ពាន​ឆ្លងកាត់សមុទ្រពិភពលោកនេះ។
ក្នុងវិស័យច្នៃប្រឌិតថ្មីសម្រាប់ស្ពាន​ហុងកុង-ជូហៃ-ម៉ាកាវនេះ គឺនឹងប្រើប្រាស់​នូវរូបមន្តចេញ​ចូលគយ ដោយការត្រួតពិនិត្យនៅតំបន់ចំនួន ៣ ក្នុងនោះ នៅតំបន់​ជូហៃ-ម៉ាកាវនឹងប្រើប្រាស់​នូវរូបមន្ត​ថ្មី គឺសហការត្រួតពិនិត្យ និងអនុញ្ញាត​ឲ្យចេញចូលតែម្តង។ ប្រការគួរ​ឲ្យកត់សម្គាល់​គឺ អំឡុងពេល​នៃដំណើរការកសាង​ស្ពានហុងកុង-ជូហៃ-ម៉ាកាវ នៅលំហទឹកតំបន់នេះ ចំនួនត្រីផ្សោតពណ៌សចិន​បានកើនឡើងពី ១,២០០ក្បាល នៅឆ្នាំ២០១០ ដល់ជាង ២,០០០ក្បាល នាពេលបច្ចុប្បន្ននេះ ដែលបង្ហាញ​ពីការរួមរស់នៅ​ដោយចុះសម្រុងគ្នា​រវាងមនុស្ស និងធម្មជាតិ។

ការសម្រេចបានទាំងអស់នេះ សុទ្ធតែបង្ហាញឲ្យឃើញ​នូវប្រាជ្ញានៃការកសាង​រចនាបទ ស្ពាន​ហុងកុង-ជូហៃ-ម៉ាកាវ។ ដូច្នេះ​ស្ពានហុងកុង-ជូហៃ-ម៉ាកាវ ត្រូវបានគេផ្តល់​កិត្តិយសជា​ភ្នំ Qomolangma(ភ្នំអេវឺរ៉េស) នៃស្នាដៃ​សំណង់ស្ថាបត្យកម្ម​របស់ប្រទេសចិន ដែលពីមហាប្រទេស​នៃសំណង់ស្ពាន​ ទៅជាប្រទេសខ្លាំងពូកែ​នៃសំណង់​ស្ពាន។ កាសែត TheGuardian នៃប្រទេសអង់គ្លេស​បានកំណត់ស្ពាននេះ ជាអច្ឆរិយមួយ​ក្នុងចំណោមអច្ឆរិយ​ចំនួន ០៧ នៃពិភពលោក​ថ្មី។
ស្ពានហុងកុង-ជូហៃ-ម៉ាកាវជាភស្តុតាង​ថ្មីបំផុតមួយ នៃការច្នៃប្រឌិតថ្មីរបស់ចិន។ ក្នុងរយៈពេល ៤០ ឆ្នាំនៃការធ្វើកំណែ​ទម្រង់ និងបើកទូលាយចិនកន្លងទៅនេះ ពិសេសក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះនៅក្រោមការណែនាំ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយគំនិត​ការច្នៃប្រឌិតថ្មី និងគោលដៅនៃការកសាង​ប្រទេសបែបច្នៃ​ប្រឌិតថ្មី ប្រទេសចិនបាន​ដើរលើផ្លូវច្នៃប្រឌិតថ្មី ដោយម្ចាស់ការ​ដែលប្រកបដោយ​លក្ខណៈពិសេសចិន។

លោក Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ​នៃវេទិកាសេដ្ឋកិច្ច​ពិភពលោក បានវាយតម្លៃថា ប្រទេសចិន​បានដើរលើផ្លូវអភិវឌ្ឍន៍​ដ៏ល្អ​ប្រសើរ ដើម្បីបង្កើត​សង្គមបែបច្នៃ​ប្រឌិតថ្មី។ គោលដៅមួយ​នៃការអភិវឌ្ឍហុងកុង ជូហៃ ម៉ាកាវព្រមទាំងក្រុង​ជាប់ជិតខាង គឺខិតខំប្រឹងប្រែង​កសាងតំបន់នេះឲ្យក្លាយ​ជាមជ្ឈមណ្ឌល​បច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មី​លើពិភពលោក។ យើងអាច​ជឿជាក់ថា ទន្ទឹមនឹង​ការដាក់ឲ្យប្រើប្រាស់​ស្ពានហុងកុង-ជូហៃ-ម៉ាកាវ នឹងអំណោយ​ផលដល់ការបង្កើន​ការច្នៃប្រឌិតថ្មី​ កាន់តែច្រើនក្នុង​តំបន់នេះ ជំរុញឲ្យសេដ្ឋកិច្ច​ចិន​វិវឌ្ឍន៍ទៅមុខដោយ​មានគុណភាពខ្ពស់ នាំមកនូវជីវភាពល្អ​បវរដល់ប្រជាជន ជាមួយនឹងសមិទ្ធផល​ប្រកបដោយភាពច្នៃ​ប្រឌិតថ្មី​ថែមទៀត៕