(យូអិន)៖ ប្រទេសគុយបា បានចេញមុខរិះគន់លើសហរដ្ឋអាមេរិក ជុំវិញការមិនទាន់បង់ថ្លៃមូលនិធិ មកឲ្យអង្គការសហប្រជាជាតិ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។
ឯកអគ្គរដ្ឋទូតគុយបាប្រចាំអង្គសហប្រជាជាតិ លោកស្រី អាណាយ៉ាន់ស៊ី ខាមេចូ (Anayansi Rodriguez Camejo) នាថ្ងៃអង្គារសប្តាហ៍នេះបានលើកឡើងយ៉ាងដូច្នេះថា «វាគឺជារឿងគួរឲ្យបារម្ភជាខ្លាំង ដែលបំណុលក្នុងបរិមាណយ៉ាងធំបំផុតរបស់អង្គការសហប្រជាជាតិ ស្ថិតនៅក្នុងកណ្តាប់ដៃប្រទេសតែមួយនោះ គឺសហរដ្ឋអាមេរិក»។
លោកស្រី Camejo បានសង្កត់ធ្ងន់ថា ខណៈដែលសហរដ្ឋអាមេរិកខ្លួនឯង បានរំលឹកជាដដែលៗប្រាប់រដ្ឋជាសមាជិកដទៃទៀត អំពីឋានៈរបស់ខ្លួនក្នុងនាមជាអ្នកផ្តល់វិភាគទានធំជាងគេបង្អស់នោះ ទីក្រុងវ៉ាស៉ីនតោនតាមពិតទៅជំពាក់អង្គការសហប្រជាជាតិដល់ ១.៦២៥ពាន់លានដុល្លារ ដោយរាប់បញ្ចូលទាំងថវិកាជាង ៨០០លានដុល្លារ សម្រាប់កញ្ចប់ថវិកានៃបេសកកម្មរក្សាសន្តិភាព UN។
នាឱកាសនោះដែរ លោកស្រី Camejo បាននិយាយថា ប្រទេសរបស់លោកស្រី មិនមានមោទនភាពជាខ្លាំង ដែលស្ថិតក្នុងចំណោមបណ្តាប្រទេសដែលបានបំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ ចំពោះអង្គការសហប្រជាជាតិ ទោះបីជាស្ថិតក្រោមការរាំងខ្ទប់សេដ្ឋកិច្ច ពាណិជកម្ម និងហិរញ្ញវត្ថុ ពីសំណាក់សហរដ្ឋអាមេរិកអស់រយៈពេល ៥៦ឆ្នាំមកហើយក្តី។
គួរជម្រាបថា បើតាមអង្គការសហប្រជាជាតិ មកទល់ពេលនេះរដ្ឋជាសមាជិកប្រមាណ ១៤៥ប្រទេស បានបង់ថ្លៃមូលនិធិពេញលេញសម្រាប់កញ្ចប់ថវិកាទូទៅរបស់ UN ខណៈ៥៥ប្រទេសបានបង់មូលនិធិត្រឹមសម្រាប់កញ្ចប់ថវិកាថែរក្សាសន្តិភាព៕