(ម៉ូស្គូ)៖ ប្រធានាធិបតីនៃប្រទេសប៉ូឡូញលោក អាន់ឌីហ្សេច ឌូដា (Andrzej Duda) បានរិះគន់ចំពោះគំរោងផ្គង់ផ្គង់ឧស្ម័ន Nord Stream 2 រវាងប្រទេសអាល្លឺម៉ង់ និងរុស្ស៊ី ដោយព្រមានថា វាជាការគំរាមកំហែងសុទ្ធសាធដល់ប្រទេសអ៊ុយក្រែន និងស្លូវ៉ាគី ខណៈប្រទេសប៉ូឡូញក៏សូមអំពាវនាវផងដែរឲ្យអាល្លឺម៉ង់ បញ្ឈប់គំរោងទិញឧស្ម័នពីរុស្ស៊ី និងងាកទៅទិញឧស្ម័នពីសហរដ្ឋអាមេរិកវិញឲ្យបានច្រើន។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។
ការលើកឡើងរបស់ប៉ូឡូញខាងលើនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីខ្លួនមើលឃើញថា គំរោង Nord Stream 2 កាន់តែខិតជិតទៅរកការសម្រេចជាផ្លូវការ ដោយទីក្រុងវ៉ាសូវី បានបង្ហាញក្តីព្រួយបារម្ភថា វានឹងក្លាយជាការគំរាមកំហែងផ្នែកថាមពលដល់ខ្លួន ព្រោះគំរោងរវាងអាល្លឺម៉ង់ និងរុស្ស៊ីនេះ គឺមានលក្ខណៈជាផែនការនយោបាយមួយ មិនមែនត្រឹមតែជាការធ្វើពាណិជ្ជកម្ម លើវិស័យថាមពលនោះឡើយ។ ដូច្នេះលោក Duda អំពាវនាវឲ្យអាល្លឺម៉ង់បង្កើនការទិញឧស្ម័នពីក្រុមហ៊ុន LNG របស់អាមេរិកវិញ ជំនួសឲ្យការទិញរុស្ស៊ី។
ការថ្លែងរបស់លោក Duda ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្វ្រេង វ៉លធើ ស្ទែនម៉ៃយឺ (Frank-Walter Steinmeier) អំឡុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៊ែរឡាំង នៃសហព័ន្ធអាល្លឺម៉ង់។ លោក Duda បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «គំរោងនេះមិនគួរត្រូវបានសម្រេចចេញនោះឡើយ។ អាល្លឺម៉ង់តែបោះបង់គំរោងនេះចោលទៅ។ Nord Stream 2 នឹងបំផ្លាញនូវតុល្យភាពថាមពល ហើយបង្កើតឡើងនូវការគំរាមកំហែងដល់សន្តិសុខថាមពល ដល់បណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុបកណ្តាល...»។
គួរបញ្ជាក់ថា កាលពីដើមខែតុលា រដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច និងថាមពលអាល្លឺម៉ង់ លោក ភីធឺ អាល់ម៉ៃយឺ (Peter Altmaier) បានបញ្ជាក់ថា គំរោងតបំពង់ផ្គត់ផ្គង់ឧស្ម័ន Nord Stream 2 បានគូសបង្ហាញយ៉ាងច្បាស់ទៅហើយ អំពីលទ្ធផលដែលនឹងសម្រេចបានរបស់វា នោះគឺការបង្កើតសន្តិសុខថាមពលនៅក្នុងតំបន់ ខណៈដែលអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល ក៏ធ្លាប់ធានាផងដែរថា Nord Stream 2 ជាគំរោងសេដ្ឋកិច្ចសុទ្ធសាធ ដោយនឹងមិនបង្កការគំរាមកំហែងណាមួយនោះឡើយ៕