(ព្រុចសែល)៖ សហរដ្ឋអាមេរិកបានគោរព និងបំពេញយ៉ាងខ្ជាប់ខ្ជួន តាមអ្វីដែលមានចែងក្នុងសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ រយៈចំងាយមធ្យមជាមួយរុស្ស៊ី តែវានឹងមិនមានន័យអ្វីទៀតនោះឡើយ បើរុស្ស៊ីនៅតែបន្តរំលោភលើសន្ធិសញ្ញានេះ។ នេះបើតាមអគ្គលេខាធិការអង្គការណាតូ លោក ហ្សង់ ស្តូលធិនប៊ឺក (Jens Stoltenberg) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។
លោក Jens Stoltenberg ថ្លែងបែបនេះនៅពេលត្រូវបានអ្នកសារព័ត៌មានចោទសួរ ពីការសម្រេចចិត្តដកខ្លួនពីសន្ធិសញ្ញាអាវុធ នុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។ លោក Stoltenberg បានបន្ថែមយ៉ាងដូច្នេះថា «ក្រុមសម្ព័ន្ធមិត្តទាំងអស់យល់ស្របថា សហរដ្ឋអាមេរិក បានបំពេញយ៉ាងខ្ជាប់ខ្ជួនតាមសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ រយៈចំងាយមធ្យមជាមួយរុស្ស៊ី... តែបញ្ហា គឺស្ថិតនៅលើអាកប្បកិរិយារបស់រុស្ស៊ី»។
សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ ដែលជាជំហានដ៏សំខាន់មួយ ឈានទៅរកការកាត់បន្ថយការប្រឈមមុខដាក់គ្នា រវាងមហាអំណាចធំៗទាំងពីរ កាលពីសម័យសង្គ្រាមត្រជាក់។ សន្ធិសញ្ញាបានហាមឃាត់ចំពោះការដាក់ពង្រាយប្រភេទមីស៊ីល ដែលអាចបាញ់ចេញពីផ្ទៃដីក្នុងរយៈចំងាយចន្លោះ ៥០០ ដល់ ៥,៥០០គីឡូម៉ែត្រ។
ដោយឡែកទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) នៅថ្ងៃអង្គារសប្ដាហ៍នេះ ក៏បាននិយាយដែរថា សហរដ្ឋអាមេរិកនឹងប្រកាសជាផ្លូវការពីការដកខ្លួនចេញពី សន្ធិសញ្ញាអាវុធនុយក្លេអ៊ែររយៈចំងាយមធ្យម (INF) ជាមួយរុស្ស៊ីនៅពេលវេលាសាកសមណាមួយ។
គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF ដោយចោទថា រុស្ស៊ីបានរំលោភបំពានលើសន្ធិសញ្ញាមួយនេះ។ ចំណែកឯ ទីក្រុងម៉ូស្គូបានព្រមាន តបវិញថា នឹងចាត់វិធានការឆ្លើយតប ទៅនឹងការសម្រេចចិត្តឯកតោភាគីរបស់សហរដ្ឋអាមេរិក៕