(ម៉ិចស៉ីកូស៉ីធី)៖ ព្យុះហឺរីខិនកំណាចឈ្មោះថា វីឡា (Willa) បានបោកសង្រ្គប់មកលើភាគខាងលិចប្រទេសម៉ិចស៉ីកូ នាព្រឹកថ្ងៃពុធនេះ ដោយនាំយកមកជាមួយនូវកម្លាំងខ្យល់ដ៏មានឥទ្ធិពល និងការធ្លាក់ភ្លៀងយ៉ាងជោគជាំ ព្រមទាំងទឹកជំនន់ជន់ជោរយ៉ាងខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។
ព្យុះកំណាចលើដែលកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ មានអានុភាពជាព្យុះហឺរីខិនកម្រិត ០៥ បានថយចុះមកនៅកម្រិត០៣វិញ ខណៈដែលវាបានបោកបក់មកដល់ឆ្នេរម៉ិចស៉ីកូ ប៉ុន្តែការព្យាករបានព្រមានថា ទោះជាបែបនេះក៏ដោយ ព្យុះ Willa នៅតែមានលទ្ធភាពបង្កជាគ្រោះទឹកជំនន់និងបំណាក់ដីយ៉ាងអាក្រក់ៗបាន។
គួរជម្រាបថា មនុស្សជាង ៤,២៥០នាក់ ត្រូវបានជម្លៀសចេញពីតំបន់រងហានិភ័យខ្ពស់ ក្នុងនោះរួមមានទាំងភ្ញៀវទេសចរ ដែលកំពុងសម្រាកវិស្សមកាលនៅតាមឆ្នេរសមុទ្រ ខណៈយោធាម៉ិចស៉ីកូត្រូវបានដាក់ពង្រាយ ដើម្បីត្រៀមចេញប្រតិបត្តិការជួយសង្រ្គោះនៅក្នុងតំបន់៕