(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកកំពុងរៀបចំទណ្ឌកម្មថ្មី តាមរយៈការដកទិដ្ឋាការរបស់ក្រុមមន្រ្តីអារ៉ាប៊ីសាអូឌីតដែលជាប់សង្ស័យថា អាចមានពាក់ព័ន្ធនឹងការស្លាប់របស់អ្នកកាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ ជាជនជាតិអារ៉ាប៊ីសាអូឌីត គឺលោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi)។ នេះបើតាមរដ្ឋមន្រ្តីការបរទេសអាមេរិក ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅក្រសួងការបរទេសអាមេរិក នាថ្ងៃអង្គារសប្តាហ៍នេះ លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនបានកំណត់អត្តសញ្ញាណបុគ្គលមួយចំនួន ដោយក្នុងនោះក៏រួមមានមន្រ្តីចារកម្ម មន្រ្តីតុលាការ មន្រ្តីការបរទេស និងមន្រ្តីតាមស្ថាប័នដទៃៗទៀតនៅអារ៉ាប៊ីសាអូឌីត ដែលស្ថិតក្រោមការសង្ស័យថា អាចមានជាប់ទាក់ទិននឹងការស្លាប់របស់លោក Khashoggi។
គួរជម្រាបថា នេះគឺជាចំណាត់ការជាក់ស្តែងដំបូងរបស់រដ្ឋាភិបាលអាមេរិក ក្រោយមានការទម្លាយការពិតថា លោក Khashoggi បានបាត់បង់ជីវិតក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត នៅទីក្រុងអ៉ីស្តង់ប៊ុលនៃប្រទេសតួកគី។ បើតាមលោក Pompeo អាមេរិកនឹងបន្តពិចារណាលើវិធានការបន្ថែមទៀត ដើម្បីដាក់ពិន័យជនទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើស។ ទន្ទឹមនឹងនេះ លោក Pompeo បានបញ្ជាក់ជាដដែលៗថា សហរដ្ឋអាមេរិកនៅតែចាត់ទុកអារ៉ាប៊ីសាអូឌីត ជាសម្ព័ន្ធមិត្តដ៏រឹងមាំមួយដដែល។
នាអំឡុងនៃពេលធ្វើសន្និសីទសារព័ត៌មាន លោក Pompeo មិនបានបញ្ជាក់ថា មន្រ្តីអារ៉ាប៊ីសាអូឌីតប៉ុន្មានរូបនឹងត្រូវរងពិន័យឡើយ តែក្រោយមកក្រសួងការបរទេសអាមេរិក បានប្រាប់បណ្តាញសារព័ត៌មានថា គឺមន្រ្តីអារ៉ាប៊ីសាអូឌីតចំនួន ២១រូប៕