(ដូហា)៖ អារ៉ាប៊ីសាអូឌីត និងបារ៉ែនបានបញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC ទៅក្នុងបញ្ជីឈ្មោះនៃអង្គការភេរវកម្មរបស់ពួកគេ នៅថ្ងៃអង្គារសប្ដាហ៍នេះដោយចោទថា IRGC បានគាំទ្រផ្នែកហិរញ្ញវត្ថុ និងបរិក្ខាដល់ក្រុមភេរវករនៅក្នុងតំបន់។ នេះបើតាម SPA ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត SPA ឧត្ដមសេនីយ៍អ៊ីរ៉ង់លោក កាស្សិម សូឡៃម៉ានី (Qassem Soleimani) ដែលជាមេបញ្ជាការកងកម្លាំង គូដស៍ (Quds) ជាអង្គភាពពិសេសរបស់ IRGC ក៏ត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះអង្គការភេរវកម្មផងដែរ។ ម្យ៉ាងវិញទៀត ការសម្រេចចិត្តនេះបានអនុញ្ញាតឱ្យអារ៉ាប៊ីសាអូឌីត និងបារ៉ែន បង្កករាល់ទ្រព្យសម្បត្តិ និងហាមឃាត់ប្រជាជនរបស់ខ្លួន មិនឲ្យធ្វើកិច្ចព្រមព្រៀងព្រមទាំងពាណិជ្ជកម្ម ជាមួយអ្នកមានឈ្មោះនៅក្នុងបញ្ជីខ្មៅខាងលើ។
គួរជម្រាបថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអារ៉ាប់របស់ខ្លួន នៅថ្ងៃអង្គារសប្ដាហ៍នេះ ក៏បានដាក់ទណ្ឌកម្មលើជនជាតិអ៊ីរ៉ង់ ០៨នាក់ ផងដែរក្នុងនោះរួមមានទាំងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មកពី កងកម្លាំងការពារជាតិ IRGC គឺលោក ម៉ូហាំម៉េដ អ៊ីប្រាហ៊ី អូវហាឌី (Mohammad Ebrahim Owhadi) និងលោក អ៊ីស្មែល រ៉ាហ្សាវី (Esmail Razavi) ដោយចោទថា អ្នកទាំងនេះមានជាប់ពាក់ព័ន្ធនឹងក្រុមតាលីបង់ នៅក្នុងប្រទេសអាហ្វហា្កនីស្ថាន៕