(ហុងឌូរ៉ាស់)៖ ការធ្វើអន្តោប្រវេសន៍​ក្នុងលក្ខណៈទ្រង់ទ្រាយធំ​នាសប្តាហ៍នេះ នៃប្រជាជន​ហុងឌូរ៉ាស់ គឺបង្កឡើង​ដោយសារតែ​វិបត្តិនយោបាយ​ ដែលបានចាស់ឬសគល់យ៉ាងជ្រៅ​នៅក្នុង​ប្រទេស។ នេះបើតាមដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។

បើតាម​លោក រ៉ូដូលហ្វូ ផាស្ទឺ (Rodolfo Pastor) ដែលជាសមាជិក​នៃបក្ស Liberty and Refoundation និងជាអ្នកនាំពាក្យ​នៃសម្ព័ន្ធបក្សប្រឆាំង​នៅ​ហុងឌូរ៉ាស់ បានលើកឡើងថា ប្រជាជន​ហុងឌូរ៉ាស់ គឺជាជនរងគ្រោះ​​​ធ្ងន់ធ្ងរមួយក្រុម នៅតំបន់អាមេរិក​កណ្តាល ហើយវាពុំមាន​អ្វីគួរ​ឲ្យភ្ញាក់ផ្អើល​ខ្លាំងឡើយ ដែលពួកគេសម្រេច​ជ្រើសរើស​​យកការធ្វើ​អន្តោប្រវេសន៍ ដើម្បីព្យាយាម​តស៊ូរស់ និងស្វះស្វែងរក​ឱកាស​ផ្សេងៗ ដែលត្រូវបាន​បដិសេធ​​ដោយ​ប្រទេសកំណើត​របស់ពួកគេ។

លោក Pastor បានរំលឹកថា ប្រធានាធិបតី​បច្ចុប្បន្ន លោក ចូលអាន អូឡេនដូ ហឺណាន់ដែស (Juan Orlando Hernández) បានប្រើមធ្យោបាយ​ដើម្បីឲ្យខ្លួនជាប់​ឆ្នោត​​បន្ត​​ទៀត​ដោយ​ប្រឆាំងនឹង​រដ្ឋធម្មនុញ្ញ តាមរយៈការជះឥទ្ធិពល​លើស្ថាប័នរដ្ឋ ដែលលទ្ធផលបាន​ធ្វើឲ្យ​លទ្ធផលបោះឆ្នោត​​កាលពីឆ្នាំ​២០១៧ ប្រឈមមុខនឹង​មន្ទិលសង្ស័យអស់រយៈពេលជាង ១ខែ។

លោក Pastor បាន​សង្កត់ធ្ងន់ថា បន្ថែមពីលើបញ្ហានៃភាព​ទីទាល់ក្រ និងវិសមភាព ដែលតំបន់នេះ​ទទួលរងគ្រោះ ហុងឌូរ៉ាស់ក៏​រង​​ការប៉ះពាល់ពី​ការសឹករិចរិល​នៃប្រព័ន្ធនយោបាយ ក៏ដូចជាការកកើត​ឡើងនៃរបបដឹកនាំ​បែបផ្តាច់ការ ដែលបានផ្តោត​ទៅលើការ​ប្រើប្រាស់​កម្លាំងបាយ ដើម្បីគាបសង្កត់​ល់ប្រជាជន និងពង្រឹងអំណាច​របស់ខ្លួន។

គួរជម្រាបថា បើតាមអង្គការ​សហប្រជាជាតិ ជនភៀសខ្លួនជាង ៧,០០០នាក់ កំពុងសំដៅទៅកាន់​ព្រំដែនម៉ិចស៉ីកូ-អាមេរិក ហើយប្រការនេះបានជម្រុញឲ្យ​អាមេរិក​គិតគូរពី​កសាងជញ្ជាំងព្រំដែន​ឲ្យលឿនទៅវិញ ដើម្បីទប់ស្កាត់​ការលួចឆ្លងដែន​​ខុសច្បាប់៕