(ម៉ូស្គូ)៖ ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ នឹងជួបមុខគ្នាជាថ្មី​ម្តងទៀត​នៅក្នុងទីក្រុងប៉ារីស​ ប្រទេសបារាំង បន្ទាប់ពីមេដឹកនាំ​ទាំងពីរបានជួប​ពិភាក្សាជាផ្លូវការ​នៅទីក្រុងហ៊ែលស៊ីងគី ប្រទេស​ហ្វាំងឡង់ កាលពី​ប៉ុន្មាន​ខែមុន។ នេះបើតាមការ​ចេញផ្សាយដោយសារ​ព័ត៌មានចិន ស៊ីនហួរ ដកស្រង់​សម្តី​របស់ជំនួយការ​ប្រធានាធិបតី​រុស្ស៊ីលោក យូរី យូសាកូវ (Yuri Ushakov) នាព្រឹក​ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។

ការជួបមុខគ្នា​ខាងលើនេះ​ត្រូវបានគេរំពឹងថា នឹងកើតឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា នៅពេលដែល​​ប្រធានាធិបតីទាំង​ពីររូប និងថ្នាក់ដឹកនាំ​បណ្តាប្រទេសធំៗផ្សេង​ទៀត ត្រូវ​ចូលរួមនៅក្នុង​កិច្ចប្រជុំសំខាន់​មួយ ដើម្បីរំលឹកដល់ការ​បញ្ចប់សង្គ្រាមលោក​លើកទី ១ នៅទីក្រុងប៉ារីស​ ប្រទេសបារាំង។ វាក៏នឹងក្លាយ​ជាចំណាប់អារម្មណ៍​ខ្លាំងផងដែរ​​សម្រាប់​អន្តរជាតិ ព្រោះតែសហរដ្ឋអាមេរិក​ទើបតែបានប្រកាសដកខ្លួន ចេញពីសន្ធិសញ្ញា​កំណត់​ការដាក់ពង្រាយ​អាវុធនុយក្លេអ៊ែរ INF ជាមួយ​អតីតសហភាព​សូវៀត (រុស្ស៊ីបច្ចុប្បន្ន) ដោយ​បានចោទប្រកាន់រុស្ស៊ីថា ជាអ្នករំលោភកិច្ចព្រមព្រៀងនេះមុន។

គួរបញ្ជាក់​តាមលោក Ushakov ថា កិច្ចពិភាក្សាគ្នា​រវាងលោក ពូទីន និង​លោក ត្រាំ ក៏នឹងត្រូវចូលរួមដោយ​មន្ត្រីកំពូលៗ មកពីប្រទេសទាំងសងខាង​ផងដែរ ខណៈដែល​​លោក ពូទីន ទើបតែបាន​ទទួលស្វាគមន៍លោក ចន បូលតុន (John Bolton) ទីប្រឹក្សា​​សន្តិសុខ​ជាតិ​អាមេរិក មកបំពេញទស្សនកិ​ច្ចនៅទីក្រុងម៉ូស្គូ កាលពីដើមសប្តាហ៍នេះ​ផងដែរ។ ដោយឡែក​​សម្រាប់ជំនួប​នៅ​ថ្ងៃទី១១ ខែវិច្ឆិកា នោះគឺមិនទាន់​មានការបញ្ជាក់​ពីប្រធាន​បទធំៗ ដែលមេដឹកនាំ​កំពូលទាំងពីរ អាចនឹងលើក​យកទៅពិភាក្សា​គ្នានោះ​ឡើយ៕