(ម៉ូស្គូ)៖ អតីតប្រធានាធិបតីអេក្វាឌ័រ លោក Rafael Correa បានសន្និដ្ឋានថារដ្ឋាភិបាលអេក្វាឌ័របច្ចុប្បន្នអាចនឹងប្រគល់ស្ថាបនិក គេហទំព័រ Wikileaks លោក Julian Assange ឱ្យសហរដ្ឋអាមេរិក បើទោះជាតាមផ្លូវច្បាប់អេក្វាឌ័រត្រូវការពាររូបលោក ក៏ដោយ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។
លោក Correa ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Russian Today ខណៈមានពាក្យចចាមអារ៉ាមកាន់តែ ច្រើនឡើងថាអេក្វាឌ័រនឹងប្រគល់លោក Assange ឱ្យសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ។ ថែ្លងនាឱកាសនោះ អតីតប្រធានាធិបតីរូបនេះ បានលើកឡើងដូច្នេះថា៖«ខ្ញុំជឿជាក់ថារដ្ឋាភិបាលអេក្វាឌ័រ អាចនឹងបញ្ជូនលោក Assange ឱ្យរដ្ឋាភិបាលអាមេរិក...ក៏ប៉ុន្តែតាមផ្លូវច្បាប់ អេក្វាឌ័រត្រូវតែការពារសិទ្ធិរបស់លោក Assange មិនមែនក្នុងនាមជាអ្នកសុំសិទ្ធិ ជ្រកកោននោះទេ តែក្នុងនាមជាពលរដ្ឋអេក្វាឌ័រម្នាក់ ដែលទទួលបានសញ្ជាត្តិនេះកាលពីឆ្នាំ២០១៧»។
គួរបញ្ជាក់ថា លោក Rafael Correa គឺជាអ្នកផ្ដល់សិទ្ធិជ្រកកោនឱ្យលោក Assange នៅក្នុងស្ថានទូតអេក្វាឌ័រ ប្រចាំ ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស តាំងតែពីឆ្នាំ២០១២មកម្លេះ ដើម្បីគេចវេសពីការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកជាទីដែល គេជឿជាក់ថាលោកអាចនឹងត្រូវកាត់ទោសពីបទធ្វើឱ្យលេចធ្លាយព័ត៌មានសំងាត់ជាតិអាមេរិក៕