(រីយ៉ាដ)៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud បានមានព្រះបន្ទូលថានឹងផ្ដន្ទាទោសលើជនទាំង ឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកសារព័ត៌មាន លោក Jamal Khashoggi ខណៈក្រុមសមាជិសភាអាមេរិក ខ្លះជឿជាក់ថាព្រះអង្គម្ចាស់រាជទាយាត Mohammed bin Salman ជាអ្នកបញ្ជាឱ្យគេសម្លាប់លោក Khashoggi។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។
ការសន្យារបស់ព្រះមហាក្សត្រ Salman ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ អះអាងថា ទីក្រុងរីយ៉ាដបានរៀបចំផែនការជាច្រើនថ្ងៃមុននឹងសម្លាប់លោក Khashoggi។ លោក Khashoggi គឺជាអ្នករិះគន់ម្នាក់ឥតសម្ចៃ មាត់លើរបបដឹកនាំអារ៉ាប៊ីសាអូឌីត។ លោកត្រូវគេប្រទះឃើញជាលើកចុងក្រោយ កាលពីថ្ងៃទី០២ ខែតុលា នៅពេលដែលលោក ដើរចូលទៅក្នុងស្ថានកុលស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៉ីស្តង់ប៊ុល នៃប្រទេសតួកគី ដើម្បីយកឯកសារចាំបាច់សម្រាប់ការរៀប អាពាហ៍ពិពាហ៍។
គួរជម្រាបថា ក្រោយពីធ្វើការបដិសេធជាង០២សប្តាហ៍កន្លងមក កាលពីថ្ងៃសុក្រសប្តាហ៍មុន អារ៉ាប៊ីសាអូឌីត តាមរយៈស្ថានីយទូរទស្សន៍រដ្ឋរបស់ខ្លួន បានទទួលស្គាល់ថា លោក Khashoggi ពិតជាបានស្លាប់នៅស្ថានកុលស៊ុលរបស់ខ្លួនមែន ប៉ុន្តែក្នុងហេតុការណ៍វាយតប់គ្នា។ ទន្ទឹមនឹងការអះអាងនេះ អាជ្ញាធអារ៉ាប៊ីសាអូឌីត បានឃុំខ្លួនមនុស្ស១៨នាក់ ដែលមានជាប់ពាក់ព័ន្ធសំណុំ រឿងនេះ ហើយបណ្តេញមន្រ្តីជាន់ខ្ពស់០៦រូប រួមមានទាំងប្រធានផ្នែកចារកម្ម និងទីប្រឹក្សាជាន់ខ្ពស់របស់ព្រះអង្គម្ចាស់ស្នងរាជ្យ។
តែទោះជាយ៉ាងនេះក្ដី បណ្ដាប្រទេសខាងលិចជាច្រើន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក សុទ្ធតែបានបង្ហាញពីការមិនចំពោះ ការបកស្រាយរបស់ទីក្រុងរីយ៉ាដ ព្រមទាងំបានព្រមានចាត់វិធានការឆ្លើយតបផងដែរ នៅក្នុងករណីដែលអារ៉ាប៊ីសាអូឌីត មានជាប់ ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ៕