(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ថ្លែងនៅចំពោះមុខសភាក្នុងរដ្ឋធានីអង់ការ៉ានាថ្ងៃអង្គារនេះ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បានលើកឡើងជុំវិញ​ការបាត់បង់ជិវិតរបស់លោក Jamal Khashoggi ថា អារ៉ាប៊ីសាអូឌីត បានរៀបចំផែនការទុកមុនជាច្រើនថ្ងៃដើម្បីធ្វើឃាត អ្នកកាសែត​រូប​នេះ ពោលវាពុំមែនជាការបាត់បង់ជីវិតដោយចៃដន្យតាមការអះអាងរបស់ទីក្រុងរីយ៉ាដឡើយ៕

 

២៖ ទីបំផុតអគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក ង្វៀន ភូត្រុង (Nguyen Phu Trong) បានស្បថឡើង​​កាន់តំណែង​ជាប្រធានាធិបតីថ្មី របស់ប្រទេស​វៀតណាម​ហើយ ក្រោយពី​លោក ត្រាន ដៃហ្គ័ង (Tran Dai Quang) ប្រធានាធិបតីមុន​បានទទួលមរណភាព​ កាលពីថ្ងៃទី២១ ខែកញ្ញា៕

 

៣៖ ​ប្រទេសចិន នាថ្ងៃអង្គារនេះ បានបើក​សម្ពោធ​​ស្ពាន​ឆ្លង​សមុទ្រ​ប្រវែង​ជាង​គេ​បំផុត​លើ​លោក ដែលតភ្ជាប់រវាងទីក្រុង​ហុងកុង ទីក្រុងហ្ស៊ូហៃ និងតំបន់ស្វយ័តម៉ាកាវ៕

 

៤៖ អ្នកនាំពាក្យ​យោធា​អាមេរិក លោកវរសេនីយ៍​ឯក រ៉ូប មែននីង (Rob Manning) បានឱ្យដឹងថា នាវាចម្បាំង​អាមេរិក ០២គ្រឿង បានធ្វើដំណើរឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់ នៅថ្ងៃចន្ទ​សប្ដាហ៍នេះ ហើយនេះ​គឺជាសកម្មភាព ​ដែលតែងតែបង្កឱ្យមាន​ភាពតានតឹងជាមួយ​ចិន៕

 

៥៖ គ្រោះរញ្ជួយដី​​​​ដែលមានកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារ​ដែន​សមុទ្រនៃកោះ យ៉ូណាគុនីជីម៉ា (Yonagunijima) ក្នុងខេត្តអូគីណាវ៉ា (Okinawa) ​ភាគខាងត្បូង​ប្រទេស​ជប៉ុន៕

 

៦៖ ក្រុមហ៊ុន​លក់ដេញ​ថ្លៃនៅអង់គ្លេស គ្រីស្ទី (Christie's) បានប្រកាស​ដាក់លក់​របស់របរចំនួន ២២មុខ ដែលបានបន្សល់​ទុកដោយ​អ្នកវិទ្យាសាស្រ្ត​ដ៏ល្បីឈ្មោះលើ​​ពិភពលោក គឺលោក ស្ទេហ្វិន ហរឃីង (Stephen Hawking)៕