(អង់ការ៉ា)៖ វីដេអូកាមេរ៉ាសុវត្ថិភាពមួយ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ បានបង្ហាញថា ទីភ្នាក់ងារអារ៉ាប៊ីសាអូឌីតម្នាក់បានស្លៀកសម្លៀកបំពាក់ របស់អ្នកសារព័ត៌មានលោក Jamal Khashoggi បន្ទាប់ពីលោកត្រូវបានគេសម្លាប់ក្នុងគោលបំណងបិទបាំងអំពើឃាតកម្មនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានតួកគី អាណាឌូលូ (Anadolu) នៅរសៀលថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។
យោងតាមវីដេអូខាងលើដែល CNN ទទួលបាន បុរសម្នាក់មានអាយុ និងរូបរាងប្រហាក់ប្រហែលនឹងលោក Khashoggi គឺជាទីភ្នាក់ងារម្នាក់ក្នុងចំណោមទីភ្នាក់ងារអារ៉ាប៊ីសាអូឌីត ១៥នាក់ ដែលបានធ្វើដំណើរមកកាន់ប្រទេសតួកគី ក្នុងថ្ងៃតែមួយដែលលោក Khashoggi ទៅដល់ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា។
លោក Khashoggi បានចូលទៅក្នុងសា្ថនកុងស៊ុលនេះ រីឯគូដណ្ដឹងរបស់លោកចាំនៅខាងក្រៅ គឺអ្នកនាង ហាធីស សិនជីស (Hatice Cengiz) អះអាងថា មិនបានឃើញគាត់ចេញមកវិញនោះទេ ខណៈអាជ្ញាធរអារ៉ាប៊ីសាអូឌីតបញ្ជាក់ថា លោកបានចាកចេញពីស្ថានកុងស៊ុល។ ប៉ុន្តែបើតាមវីដេអូខាងលើ បុរសដែលចេញមកខាងក្រៅគឺលោក Mustafa al-Madani។
លោក Madani មិនត្រឹមតែស្លៀកសម្លៀកបំពាក់លោក Khashoggi ប៉ុណ្ណោះទេ តែលោកថែមទាំងវែនតា និងពុកមាត់ក្លែងក្លាយផងដែរ។ បន្ថែមពីលើនេះ បុរសក្លែងក្លាយនេះត្រូវបានគេឃើញ ចូលក្នុងស្ថានកុងស៊ុលប្រហែលជាម៉ោង ១១ព្រឹកពោលគឺ ០២ម៉ោងមុននឹងលោក Khashoggi មកដល់។
ដោយឡែកនៅពេលចេញមកក្រៅ លោក Madani បានជិះតាក់ស៊ីវិហារអ៊ីស្លាម ស៊ុលតាណាម៉េត (Sultanahmet) ក្នុងទីក្រុងអ៊ីស្ដង់ប៊ូល ហើយបន្ទាប់មកទើបលោកចូលក្នុងបន្ទប់ដូរសម្លៀកបំពាក់ និងចូលក្នុងភោជនីយដ្ឋានមួយដោយកាមេរ៉ាសុវត្ថិភាពបានថតជាប់លោកដោះវែនតា និងពុកមាត់ក្លែងក្លាយ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ អារ៉ាប៊ីសាអូឌីតបានទទួលស្គាល់ថា អ្នកសារព័ត៌មានមកពីកាសែត Washington Post លោក Jamal Khashoggi ពិតជាបានស្លាប់មែន។ ប៉ុន្តែអះអាងថា មិនមានជាប់ពាក់ព័ន្ធនឹងព្រះអង្គម្ចាស់រាជទាយាទនោះទេ ខណៈមក ទល់នឹងពេលសាកសពរបស់លោក Khashoggi មិនដឹងថា នៅទីណានោះឡើយ៕