(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនសប្បាយចិត្តទាល់តែសោះចំពោះការពន្យល់ របស់អារ៉ាប៊ីសាអូឌីតពាក់ព័ន្ធនឹងការស្លាប់របស់លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) ខណៈសមាជិកសភាអាមេរិកមួយចំនួនជឿជាក់ថា ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) គឺជាអ្នកបញ្ជាឱ្យគេសម្លាប់លោក Khashoggi។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមាននៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនសប្បាយចិត្តទាល់តែសោះចំពោះអ្វីដែលខ្ញុំបានលឺ... យើងមានមន្ត្រីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយយើងមានមន្ត្រីស៊ើបការណ៍កំពូល នៅក្នុងប្រទេសតួកគី ដូច្នេះយើងនឹងបានឃើញអ្វីដែលកើតឡើង»។
គួរជម្រាបថា នៅថ្ងៃចន្ទសប្ដាហ៍នេះដែរ នាយក CIA លោកស្រី ជីណា ហាសភែល (Gina Haspel) ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅកាន់ប្រទេសតួកគី ខណៈពិភពលោកកំពុងទន្ទឹមរង់ចំាសុន្ទរកថា របស់ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ដែលបានសន្យាថា នឹងទម្លាយការពិតដែលបានកើតឡើងលើលោក Khashoggi៕