(កង់បេរ៉ា)៖ អាជ្ញាធរសុវត្ថិភាពសមុទ្រអូស្រ្តាលី (AMSA) បានឱ្យដឹងថា នាវាកម្សាន្តមួយគ្រឿងបានបោះចោលកាកសំណល់ចំណីអាហារ និងទឹកកខ្វក់ប្រមាណ ២៧,០០០លីត្រ ទៅក្នុងដែនទឹកនៃតំបន់ថ្មប៉ប្រះទឹក Great Barrier Reef កាលពីខែសីហាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។
ជុំវិញបញ្ហានេះដែរ សមាជិកព្រឹទ្ធសភា លោកស្រី ឡារីស្សា វ៉តធើស៍ (Larissa Waters) បានប្រាប់ព្រឹទ្ធសភាអូស្រ្ដាលីនៅយប់ថ្ងៃចន្ទសប្ដាហ៍នេះថា លោកស្រីបានឃើញរបាយការណ៍ចម្លងមួយរបស់ AMSA ដែលនិយាយថា នាវាកម្សាន្តឈ្មោះ Pacific Explorer ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន P&O Cruises Australia បានបោះចោលកាកសំណល់ ចូលទៅក្នុងទឹកសមុទ្រកាលពីថ្ងៃទី២៦ ខែសីហាកន្លងទៅ។
បន្ថែមពីខាងលើ របាយការណ៍នេះដដែលឱ្យដឹងទៀតថា កាកសំណល់ចំណីអាហារទាំងនេះត្រូវបានស្ដុកទុក នៅក្នុងកន្លែងចំអិនម្ហូបនៃនាវា ហើយវាត្រូវបានគេបោះចោលទៅក្នុងទឹក ដោយសារតែកន្លែងស្ដុកកាកសំណល់ពេញដាក់លែងកើត។ ក៏ប៉ុន្តែ ខាងក្រុមហ៊ុនមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។
គួរបញ្ជាក់ថា បើតាមលោកស្រី Larissa Waters AMSA បានដឹងពីការបោះចោលកាកសំណល់នេះកាលពីថ្ងៃទី២៧ ខែសីហា ក៏ប៉ុន្តែអាជ្ញាធរនៃតំបន់អភិរក្សថ្មប៉ប្រះទឹក Great Barrier Reef Marine Park Authority (GBRMPA) មិនបានទទួលដំណឹងនេះទេរហូតដល់ថ្ងៃទី០៤ ខែកញ្ញា។ Great Barrier Reef ជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុតរបស់អូស្ត្រាលី ដែលទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកទស្សនាយ៉ាងច្រើនរៀងរាល់ឆ្នាំ ព្រមទាំងទទួលបានការថែទាំយ៉ាងដិតដល់បំផុតផងដែរ៕